ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។
បើតាមអ្នកនាំពាក្យរង ភារកិច្ចសំខាន់ៗទាំង១៥ចំណុចនោះ រួមមាន ដូចខាងក្រោម។
ទី១.មន្ត្រីនគរបាលជាតិត្រូវគោរព និងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ព្រមទាំងតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំប្រកបដោយសុចរិតភាព
ទី២.ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងឥរិយាបថល្អ ប្រកបដោយសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និងភាពមិនលម្អៀងក្នុងពេលបំពេញភារកិច្ច
ទី៣.ត្រូវរក្សាកិត្តិយស ឥស្សរភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញភារកិច្ច
ទី៤.ត្រូវរក្សាការសម្ងាត់របស់ជាតិ ក្រសួង និងអង្គភាពខ្លួន ទាក់ទងនឹងហេតុការណ៍ ឯកសារ និងព័ត៌មានដែលខ្លួនបានដឹង
ទី៥.ត្រូវមានអព្យាក្រឹត្យភាពជានិច្ច ក្នុងការបំពេញតួនាទី និងភារកិច្ច
ទី៦.បញ្ចេញមតិយោបល់ដោយប្រុងប្រយ័ត្ន ព្រមទាំងគិតដល់ការប្រតិកម្មតបតមកវិញនូវរាល់ទង្វើ និងពាក្យសម្តីរបស់ខ្លួនពីសំណាក់សាធារណជន
ទី៧.ត្រូវបំពេញភារកិច្ចក្នុងការផ្តល់សេវា ដោយឈរលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ គោរពសិទ្ធិមនុស្ស និងមិនមានការរើសអើង ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពណាមួយឡើយ
ទី៨.ត្រូវមានមនសិការការងារ ការទទួលខុសត្រូវ និងគណនេយ្យភាពក្នុងអាជីពរបស់ខ្លួន ដើម្បីទទួលបានការពេញចិត្ត និងការជំនឿទុកចិត្តពីប្រជាពលរដ្ឋ
ទី៩.ត្រូវមានការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ទឹកចិត្តអង្គអាច ក្លាហាន ម៉ឺងម៉ាត់ ហ្មត់ចត់ ទន់ភ្លន់ និងសុភាពរាបសារ ក្នុងកិច្ចប្រតិបត្តិការបំពេញភារកិច្ច និងបេសកកម្មបម្រើប្រជាពលរដ្ឋ
ទី១០. ត្រូវខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការដកស្រង់បទពិសោធល្អៗពីអ្នកពាក់ព័ន្ធ ដើម្បីយកជាមូលដ្ឋានក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព
ទី១១.ត្រូវមានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាម សាមគ្គីភាព សហការ និងទំនាក់ទំនងល្អក្នុងការងារបម្រើប្រជាពលរដ្ឋ
ទី១២. ធ្វើទំនាក់ទំនងជាមួយព្រះសង្ឃ លោកអាចារ្យ ដូនជី ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទូទៅ ជានិច្ចកាលត្រូវរួសរាយរាក់ទាក់ សុភាពរាបសារ មានសុជីវធម៌ និងគោរពប្រពៃណីទំនៀមទម្លាប់
ទី១៣. ត្រូវចាត់ទុកនិមិត្តសញ្ញា ឬសញ្ញានៃអង្គភាព និងមុខតំណែងរបស់ខ្លួន ជានិមិត្តរូបនៃសេចក្តីស្មោះត្រង់ និងការជឿទុកចិត្តរបស់សាធារណជនជាដរាប
ទី១៤.ត្រូវប្រើប្រាស់សិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការបំពេញភារកិច្ច ដើម្បីបម្រើសង្គមជាតិ និងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទី១៥.ត្រូវប្រើប្រាស់កម្លាំងក្នុងកាលៈទេសៈចាំបាច់ណាមួយបំផុត ហើយស្ថិតនៅក្នុងរង្វង់ដែនសមត្ថកិច្ច និងការបំពេញភារកិច្ចរបស់ខ្លួន។
គួររម្លឹកថា ប្រកាសលេខ៨៧៣ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន៧ជំពូក និង៣៥មាត្រា។ ប្រកាសនេះ មានគោលដៅកំណត់អំពីបទវិន័យនគរបាលជាតិកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត ឧត្តមភាព កិត្តិយស និងប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីនគរបាលជាតិ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

ដោយ៖ លោក សេង បូលីន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច