ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ការអនុវត្តច្បាប់ត្រូវតែមានភាពស្មើគ្នាទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនប្រកាន់វណ្ណៈ ឋានៈ និងតួនាទីអ្វីទាំងអស់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋានបានចេញការបំភ្លឺម្តងរួចហើយទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ រវាងរថយន្ត និងម៉ូតូនៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យស្លាប់ជនរងគ្រោះជាអ្នកបើកបរម៉ូតូបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានរៀបចំបញ្ជូនសំណុំ រឿងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីបន្តនីតិវិធីបន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងនិងសាក្សីពាក់ ព័ន្ធក្នុងករណីនេះ ដោយបានចោទប្រកាន់ឈ្មោះ សើ សាន់ណាវី ភេទប្រុស ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ដោយ ផ្អែកតាមចម្លើយរបស់ឈ្មោះ សយ បូរ៉ា ភេទប្រុស ដែលជាម្ចាស់រថយន្ត។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានដាក់ការ សង្ស័យនិងចោទប្រកាន់លើឈ្មោះ សើ សាន់ណាវី និងបញ្ជាឱ្យសមត្ថកិច្ចស្វែងរកឈ្មោះ សើ សាន់ណាវី ដើម្បីមកបំភ្លឺ ចំពោះការចោទប្រកាន់ខាងលើ។

នៅពេលកំពុងដំណើរការករណីនេះនិងដោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមចោទប្រកាន់មកលើ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ផងថាមិនបានអនុវត្តនូវភារកិច្ចស្របតាមនីតិវិធី ច្បាប់ នោះក្រុមការងាររបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងាររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការសហការជាមួយសមត្ថកិច្ចនគរបាលលើការងារនេះ ដោយបានពិនិត្យ សិក្សាលើសំណុំរឿង ចុះទៅដល់កន្លែងកើតហេតុ និងលំនៅដ្ឋានរបស់ឪពុក ឈ្មោះ សើ សាន់ណាវី ថែមទៀតផង ជា បន្តបន្ទាប់ឈ្មោះ សើ សាន់ណាវី ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនបាននៅរាជធានីភ្នំពេញ និងបញ្ជូនមកកាន់សាលាដំបូងខេត្តបាត់ដំបង ដែលក្នុងនោះគាត់បានឆ្លើយសារភាព ថា រូបគាត់មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នោះទេប៉ុន្តែខ្លួន គាត់ត្រូវបានឈ្មោះ សយ បូរ៉ា ជាអ្នកឱ្យទទួលរឿងនេះជំនួស ។ ពេលសាកសួររួចចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បាត់ដំបង បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាធម្មតា ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ ៥៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តិនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។

ទន្ទឹមនេះអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅមន្ត្រីដែលអនុវត្តលើការងារនេះចូលទៅ បំភ្លឺរួចហើយកាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីឃើញមានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមចោទប្រកាន់លើមន្ត្រីនគរបាល ។ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ និងភាពត្រឹមត្រូវក្នុងការអនុវត្ត ភារកិច្ចរបស់ខ្លួន មន្ត្រីនគរបាលដែលអនុវត្តផ្ទាល់បានចូលទៅឆ្លើយបំភ្លឺរួចហើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថានៅពេលនេះ សំណុំរឿង កំពុងស្ថិតនៅក្នុងសមត្ថកិច្ចនៃចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ក្នុងករណីដែលចៅក្រមស៊ើបសួររកឃើញ ខាងលើមានការពាក់ព័ន្ធណាមួយចំពោះមន្ត្រីនគរបាលដែលអនុវត្តលើករណីខាងលើនេះដោយពុំត្រឹមត្រូវតាម ជំនាញតាមវិជ្ជាជីវៈតាមច្បាប់ដែលមានចែងនោះទេ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាថ្នាក់ ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ មិនគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីនោះឡើយ ។

ការអនុវត្តច្បាប់ត្រូវតែមានភាពស្មើគ្នាទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនប្រកាន់វណ្ណៈ ឋានៈ និងតួនាទីអ្វីទាំងអស់។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាពត៌មានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖