ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែងអញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុង ស្ទឹងត្រែង និងផ្នែកពាក់ព័ន្ធ អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលបានឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិន តាមច្រកទ្វារអន្តរជាតិ ព្រំដែន ត្រពាំងក្រៀល កម្ពុជា-ឡាវ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងនោះ ខេត្តស្ទឹងត្រែង នឹងក្លាយជាចំណុចសំខាន់មួយក្នុងដំណើរទេសចរណ៍អន្តរជាតិ ខណៈក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន នៃកម្មវិធី “Mekong- Lancang River FAM-Trip Discovery” បានធ្វើដំណើរឆ្លងកាត់ខេត្តនេះ ឆ្ពោះទៅកាន់ប្រទេសឡាវ និងបន្តទៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

បើតាមការបញ្ជាក់ពី លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដំណើរទស្សនកិច្ចតាមក្បួនរថយន្តនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមប្រមាណ ១០គ្រឿង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្ថែមថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខណ្ឌយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦” ដោយមានការសហការរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសតំបន់មេគង្គ-ឡានឆាង។

សូមបញ្ជាក់ថា បើតាមការគ្រោងទុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្បួនរថយន្តទេសចរណ៍ខាងលើនេះ នឹងវិលត្រឡប់មកដល់កម្ពុជាវិញតាមច្រកអន្តរជាតិខេត្តស្ទឹងត្រែង រួចបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប៕


ចែករំលែក៖