ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់កង់បីឥណ្ឌាម្នាក់ ដេកស្លាប់លើម៉ូតូរបស់ខ្លួន នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ 

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញបុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ បានដេកស្លាប់នៅលើម៉ូតូរបស់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ខណៈកំពុងឈប់នៅតាមដងផ្លូវសាធារណៈ រហូតប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅ កាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ ដោយបានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យ និងស្រាវជ្រាវរកមូលហេតុនៃការស្លាប់។

បច្ចុប្បន្ន សមត្ថកិច្ចធ្វើកោសល្យវិច័យលើសាកសព ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ ខណៈព័ត៌មានលម្អិតនឹងមានការបញ្ជាក់ជាបន្តបន្ទាប់៕


ចែករំលែក៖