ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានថ្លែងបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, គណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធ បានគាំទ្រនូវជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
លោក ជា ធីរិទ្ធ បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាម្ចាស់ផ្ទះដឹកនាំជំនួបនៃកិច្ចប្រជុំនេះ បានថ្លែងកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាក្នុងបុព្វហេតុនៃការការពារបូរណភាពទឹកដី ក្នុងកំឡុងពេលដែលថៃឈ្លានពានទឹកដី និងបានកោតសរសើរចំពោះការរួបរួមសាមគ្គីគ្នា និងចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥កន្លងទៅនេះ។
ជាមួយគ្នានោះដែរនៅកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនេះដែរ លោក ជា ធីរិទ្ធ បានបញ្ជាក់ដូចនេះថា «គណបក្សសម្ព័ន្ធភាពបានបង្ហាញការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធតែងតែគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល»។
បន្ថែមពីនេះ លោក ជា ធីរិទ្ធ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំសម្ព័ន្ធភាពរបស់គណបក្សនយោបាយ ដោយសម្តេចតេជោ ក្រៅពីបានថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងសម្ព័ន្ធភាពនេះ ក៏បានថ្លែងសង្គត់ធ្ងន់លើផ្ទៃក្នុងនៃសម្ព័ន្ធភាព ដើម្បីរក្សាសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះ ឱ្យបាននូវស្ថិរស្ថេររឹងមាំបន្តទៀតផងដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច