ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព និងជាកិច្ចការស្នូលសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ពិធីចែកសញ្ញាបត្រនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ប្រធានក្រុមប្រឹក្សាភិបាល អធិកាបតី សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោក លោកស្រី អាណាព្យាបាល និងសិស្សនិស្សិត។
ក្នុងឱកាសនោះ លោក លី ធុជ បានសម្តែងការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ បន្ទាប់ពីបានខិតខំប្រឹងប្រែងតស៊ូ និងឆ្លងកាត់ដំណាក់កាលនានាក្នុងការសិក្សា រហូតទទួលបានលទ្ធផលដ៏គួរជាទីមោទនភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់គណៈគ្រប់គ្រង និងសាស្ត្រាចារ្យទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងចំណេះដឹង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម និងប្រទេសជាតិ។
លោក បានលើកឡើងបន្ថែមថា ប្រទេសកម្ពុជា មានមោទនភាព និងដាក់ក្តីសង្ឃឹមយ៉ាងមុតមាំលើយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករសំខាន់ក្នុងការបន្តថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍ និងចូលរួមកសាងអនាគតដ៏រុងរឿងសម្រាប់ប្រទេសជាតិ។ និស្សិតជ័យលាភីទាំងអស់ គឺជាធនធានមនុស្សដ៏មានសក្តានុពល ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានចូលទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍជាតិ។
លោក លី ធុជ បានផ្តល់ការណែនាំ និងសារលើកទឹកចិត្តដល់និស្សិតថា សញ្ញាបត្រដែលទទួលបាននាថ្ងៃនេះ គឺជាការចាប់ផ្តើមថ្មី មិនមែនជាទីបញ្ចប់នៃការសិក្សានោះឡើយ។ លោកបានជំរុញឱ្យនិស្សិតបន្តសិក្សាស្វែងយល់ អភិវឌ្ឍសមត្ថភាព និងរៀនសូត្រពេញមួយជីវិត ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃពិភពលោក។ ទន្ទឹមនឹងនេះ សញ្ញាបត្រមិនមែនគ្រាន់តែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វិន័យ ទម្លាប់នៃការគិត ការប្តេជ្ញាបញ្ចប់អ្វីដែលបានចាប់ផ្តើម និងបទពិសោធន៍ជីវិត។ លើសពីនេះ មិត្តភាពដែលបានកសាងក្នុងអំឡុងពេលសិក្សា ក៏អាចក្លាយជាកម្លាំងគាំទ្រ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជីវិតនាពេលអនាគតផងដែរ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច