ភ្នំពេញ៖ លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vanna xay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណា ចក្រកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគទេសចរណ៍ និងធ្វើឱ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវមាន ទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល ។
ការលើកឡើងរបស់លោក សនសៃវ៉ាន់ ណាសៃបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ឧសភាឆ្នាំ២០២៦ ខណៈជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក សនសៃវ៉ាន់ ណាសៃ បានមានប្រសាសន៍លើកឡើងទៀតថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ខ្ពស់ជាច្រើននិងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នានិងប្រទេសឡាវ ហើយមុខមាត់ប្រជាជនក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ អត្រាប្រាក់រៀលក៏នៅតែរក្សាបាន មួយដុល្លារ ៤០០០រៀល។ លោកបានបន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូធា។កម្ពុជានឹងឡាវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាជាបងប្អូនយូរលង់ណាស់មកហើយ ហើយកម្ពុជាក៏ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងការរីកចំរើននេះ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជា បញ្ហាកកស្ទះចរាចរណ៍និងបញ្ហាស្ទះលូជាដើម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងដោះស្រាយបានជាបន្តបន្ទាប់ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា កម្ពុជា និងឡាវមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងមុខមាត់ក៏ប្រហាក់ប្រហែលគ្នា។ ប្រទេសឡាវគឺជាប្រទេស មានទន្លេ តភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាលប្រទេសផ្សេងទៀតលើពិភពលោក ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវនិងប្រទេសកម្ពុជាមានភាពល្អប្រសើរមួយកម្រិតថែមទៀត។
លោក ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថាប្រទេសឡាវនិងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឱ្យក្មេងជំនាន់ក្រោយជឿទុកចិត្តបានមិនដូចប្រទេស ជិតខាងខ្លះតែងតែរំលោភបំពានបូរណភាពទឹកដីរបស់គេឡើយ ។កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច