ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត HILUX ViGO មកឈប់មុខផ្ទះបម្រុងនឹងចូល ខណៈនោះ ក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត បើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងនោះគឺមានថយន្ត HILUX ViGO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H.២៨៤៤ បានបើកបរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកើត ពេលនោះ រថយន្តរងគ្រោះ ក៏បានឈប់ និងចុះបើកទ្វារផ្ទះ បម្រុងចូល ស្របពេលនោះ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A.១៥០១ បានបើកស្របទិសគ្នា ដោយមិនដឹងយ៉ាងមិច ក៏រេចង្កូតមកបុករថយន្ត HILUX ViGO ចំពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តរងគ្រោះរុញទៅមុខជិត២០ម៉ែត្រ និងរងការខូចខាតផ្នែកខាងក្រោយជាច្រើន ចំណែកឯរថយន្តបង្កវិញ ក៏រងការខូចខាតផ្នែកខាងមុខបន្តិចបន្ទួចផងដែរ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងសម្រួលចរាចរណ៍ផងដែរ ហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ