ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបើកកិច្ចប្រជុំ ស្តីពីការកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់នៅទូទាំងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និងបានធ្វើកម្មវិធីប្រកាសបិទបញ្ចប់ការងារវាស់វែង ដីធ្លីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាដំបូងក្បាលដីប៉ាន់ស្មាន មានចំនួន ៦៧៨ ៦៦៧ក្បាលដី ប៉ុន្តែក្រោយពីយុទ្ធនាការចុះវាស់វែងបង្ហើយរួចមកមានក្បាលដីចំនួន ៧៥២ ១៨១ក្បាលដី លើសពីការប៉ាន់ស្មានចំនួន ៧៣ ៥១៤ក្បាលដីនេះបើតាមការលើកឡើងពីរលោក មាស ដារ៉ា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនៅព្រឹកថ្ងៃទី២១ ខែខុសភា ឆ្នាំ២០២៦នេះ។

ដោយមានការចូលរួមពីរ លោកលៀម សុដា អភិបាល រងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិ បាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលធ្វើឡើងនៅសាលប្រជុំ(ធំ)សាលាខេត្ដ។

លោកបន្តថាៈរហូតមកដល់ពេលនេះក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធចំនួន ៧ក្រុង-ស្រុក បានបញ្ចប់ការងារប្រមូលទិន្នន័យ និងនៅសល់ចំនួន ២ក្រុង-ស្រុកទៀតនឹងបញ្ចប់ការងារនៅចុងខែខុសភា ឆ្នាំ២០២៦ ចំពោះការបញ្ចូលទិន្នន័យដែលនៅសល់ប្រមាណជិត ១០ម៉ឺនក្បាលដីទៀត នឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៦ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ(ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយូរចុងឆ្នាំ២០២៧។លោកបញ្ជក់ថាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី សហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម និងរៀបចំកសាងផែនការប្រើប្រាស់ដីឃុំ-សង្កាត់ ដែលនៅសល់ចំនួន ៥១ ឃុំ-សង្កាត់ ទូទាំងខេត្ត ដោយជំហានទី១ ក្រុមការងារបានជ្រើសរើសយកស្រុកមង្គលបូរី មាន៨ឃុំ និងស្រុក ព្រះនេត្រព្រះ មាន៤ឃុំ ដើម្បីរៀបចំធ្វើផែនការប្រើប្រាស់ដីឃុំមុនគេ។

ថ្លែងក្នុងកិច្ចប្រជុំដែរ លោក លៀម សុដា បានមានប្រសាសន៍ថា ខេត្ត បានរៀបចំផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដី ក្រុងសិរីសោភ័ណ និងផែនការ ប្រើប្រាស់ដីនិងប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែត រួចរាល់ ដោយរង់ចាំប្រជុំពិនិត្យ និងអនុម័តពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះមន្ទីរបានរៀបចំកសាងផែនការប្រើប្រាស់ដីឃុំសម្រេចបានចំនួន ៨ឃុំ និងបានអនុម័តចំនួន ២ឃុំ បន្ថែម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ។

លោកបានលើកឡើងថា ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្នុងនោះមុំទី៤ ដែលនិយាយអំពីការពង្រឹងការគ្រប់គ្រង និងការធ្វើ ទំនើបកម្ម នគរូបនីយកម្ម ដែលជាគោលដៅយុទ្ធសាស្ត្រ ដើម្បីពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុង ថ្មីៗបន្ថែមទៀតនៅតាមបណ្តារាជធានី ខេត្ត ការបង្កើតសួនសាធារណ: និងឧទ្យានបៃតង និងការ ពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ នៅក្នុងឱកាសនេះផងដែរ ខ្ញុំសូមបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ជាពិសេសគឺ រដ្ឋបាលឃុំ សង្កាត់ ផ្ទាល់តែម្តង ទាក់ទងនឹងការកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់នេះ គឺរដ្ឋបាលឃុំ សង្កាត់ ត្រូវតែលើកគម្រោងអភិវឌ្ឍន៍ និងកំណត់ចក្ខុវិស័យ របស់ខ្លួនឱ្យបាន ច្បាស់លាស់៕

ដោយ៖វណ្ណា


ចែករំលែក៖