ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានចូលរួមសហការអនុវត្ត និង បង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី៧ ដែលគណៈកម្មការជំរឿនបានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច