ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះ បុគ្គលឈ្មោះ ហ៊ុន បូណា បានធ្វើការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ឈ្មោះ Bona Hun ដោយការបង្ហោះនេះ បានទាញភ្ជាប់ (Mentioned) ជូនគណនី/ទំព័រហ្វេសប៊ុករបស់ ថ្នាក់ ដឹកនាំស្ថាប័នជាតិមួយចំនួន ព្រមទាំងទំព័រហ្វេសប៊ុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយបានភ្ជាប់នូវលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងន័យ បញ្ជាក់ថា “រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន ១០០ម៉ែត្រ គុណនិង ១០០ម៉ែត្រ នៅទន្លេអុំ ដើម្បីសាងសង់ជាគេហដ្ឋានខេត្តកំពង់ចាម”។ លិខិតនេះ ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី ហ៊ុន បូណា។
ការបង្ហោះនេះ ពេលខ្លះក៏មានភ្ជាប់រូបភាពដែលម្ចាស់គណនីហ្វេសប៊ុក Bona Hun បានផ្ញើសន្លឹកប្លង់ដី និងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីខាងលើ ចូលប្រអប់សារហ្វេសប៊ុករបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផងដែរ។
ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា លិខិតរបស់ទីស្តីការគណៈ រដ្ឋមន្ត្រី ដែលបានបង្ហោះផ្សាយខាងលើនេះ គឺជាលិខិតក្លែងក្លាយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានធ្វើការកោះ អញ្ជើញបុគ្គលឈ្មោះ ហ៊ុន បូណា ដែលមានអាស័យដ្ឋាននៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មកសាកសួរតាមនីតិវិធី និងអាចឈានទៅដល់ការអនុវត្តច្បាប់លើបុគ្គលឈ្មោះ ហ៊ុន បូណា ពី បទក្លែងបន្លំលិខិតសាធារណៈ។
ដូច្នេះ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាប និងចូលរួមទប់ស្កាត់កុំឲ្យមានការភ័ន្តច្រឡំ ក្នុងស្រទាប់មហាជន លើករណីនេះ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច