ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់យ៉ាងរន្ធត់​ ខណៈពេលដែរបុរសជនជាតិចិនម្នាក់បើករថយន្តLexes LX470ជ្រុលទៅបុកម៉ូតូនៅផ្លូវបំបែក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនក៏ត្រូវរថយន្តម៉ាកLexus LX470 បើកបរដោយបុរសជនជាតិចិនបុកអូសទៅមុខជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង៣ជាងទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវ៣១០កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកJIOR NO ពាក់ផ្លាកលេខ ភ្នំពេញ 1LR-9834 ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួន ខណះពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាកLexus LX470 ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4976 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរចេញពីផ្លូវ១៤៣ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យយុវជនរងគ្រោះប៉ើងទៅបោកក្បាលនិងខឿនស្លាប់ភ្លាមៗចំណែកឯរថយន្តបង្កបន្តល្បឿនបើករត់អូសម៉ូតូតាមរថយន្តទៅមុខជាច្រើនម៉ែត្រត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជិះប្រដេញតាមឃាត់បានទាំងតៃកុងនិងរថយន្តនាំយកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទីបីសួរនាំបន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖