ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរថយន្តកូរ៉េ ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-9875 បើកទៅជល់គូទរថយន្តយីឌុបដឹកទម្ងន់រាប់តោន ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខរថយន្តកូរ៉េខ្ទេចស្ទើរទាំងស្រុង និងអ្នកបើកបររងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅខាងលិចស្តុបចូល ព្រលានយន្តហោះមរតកតេជោ លើមហាវិថីស៊ីជីនពីង ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុបដឹកទំនិញធុនធំ បើកបរក្នុងទិសដៅស្របគ្នាជាមួយរថយន្តកូរ៉េ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកូរ៉េបានជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យកាប៊ីនខាងមុខកៀបជាប់តៃកុងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានកម្លាំងសង្គ្រោះជួយគាស់យកចេញ និងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំង ដើម្បីធ្វើការវាស់វែង និងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ខណៈយានយន្តទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកតាមនីតិវិធីច្បាប់។
សមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន គោរពល្បឿនកំណត់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ដ៏សោកសៅបែបនេះ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច