ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា នាពេលថ្មីនេះឃេីញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករណីចាប់កូន ក្មេងនៅស្រុកឯកភ្នំ ដែលព័ត៌មាននេះមានការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យខ្លាច។
លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ។ ជាលទ្ធផលឃេីញថា កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី(សរសៃប្រសាទ) ម្នាក់ឈ្មោះអៀង ណាត ភេទ ប្រុស អាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដេីរនៅមូលដ្ឋាន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលេី ។
ទទួលព័ត៌មាននេះ,កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជូនគាត់ទៅមជ្ឈមណ្ឌលសង្គមកិច្ចខេត្តបាត់ដំបង(មណ្ឌលសុំចត)នៅឯស្រុកសង្កែរួចហេីយ។
ដូច្នេះមិនមានករណីចាប់ក្មេងក្នុងទម្រង់ដូចដែលអ្នក ប្រេីប្រាស់បណ្តាញសង្គមមួយចំនួនលោកបានផ្សព្វ ផ្សាយនោះទេ ដែលគប្បីកែតម្រូវឡេីងវិញ ចៀសវាងមានការភាន់ច្រឡំ និងបង្កជាបញ្ហាដទៃផ្សេងទៀត។
គួរបញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមាន ការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ “SAD NG” បានបង្ហោះសារថា មានករណីដេញចាប់ក្មេងកើតឡើងនៅភូមិក្រូច ឃុំស្រះរាំង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងចែករំលែកតៗគ្នាយ៉ាងច្រើន។
ក្រោយទទួលព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះរាំង ក្រោមការបញ្ជាលោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះស្រាវជ្រាវភ្លាមៗទៅ កាន់ទីតាំងកើតហេតុ។ ក្នុងការសាកសួរ ក្មេងស្រីឈ្មោះ ហួរ សុវត្ថា អាយុ១០ឆ្នាំ បានរៀបរាប់ថា នៅវេលាម៉ោងប្រមាណ ១៣:៣០នាទី មានរថយន្តពណ៌សមួយគ្រឿង មិនស្គាល់ម៉ាក បើកមកឈប់នៅចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន ហើយមានបុរសម្នាក់ពាក់ម៉ាស់ពណ៌ខ្មៅ ចុះពីលើរថយន្ត ដោយដៃកាន់កូនកាំបិតស។ ទោះជាយ៉ាងណា បុរសនោះមិនបានដើរចូលមកកាន់ផ្ទះនោះទេ ប៉ុន្តែក្មេងស្រីបានភ័យខ្លាច រត់ចូលទៅលាក់ខ្លួនក្នុងបន្ទប់។
បន្ទាប់ពីចេញមកមើលវិញ នាងមិនឃើញរថយន្ត និងបុរសនោះទៀតឡើយ ទើបរត់ទៅប្រាប់អ៊ុំរបស់ខ្លួនថា មានគេចង់មកចាប់ខ្លួន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច