ខេត្តកំពង់ស្ពឺ៖ កាំភ្លើងស៊េរីចាស់១ដើមម៉ាក(CKC) ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃខណៈដែលប្រជាពលរដ្ឋរូបនោះចេញទៅកាប់អុសនិងបេះបន្លែហើយក៏ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុក។
ការប្រទះឃើញកាំភ្លើងវែងមួយដើមកាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងព្រៃស្ថិតនៅក្នុងភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថានៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាត់ សំរិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច បានប្រទះឃើញ កាំភ្លើងចំនួន០១ដើម ម៉ាកCKC (ស៊េរីចាស់) គ្មានគ្រាប់ គ្មានលេខ នៅក្នុងព្រៃស្ថិតនៅភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច ពេលដែលខ្លួនកំពុងដើររកកាប់អុស និងដើររកបេះបន្លែ (ព្រះស្វា) ក៏ប្រទះឃើញនិងបានត្រឡប់មកផ្ទះរាយការណ៍ជូនសមត្ថកិច្ចដើម្បីទៅយកកាំភ្លើងនោះ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ដឹងថា ចំពោះអាវុធ(កាំភ្លើង CKC)ខាងលើនគរបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យា នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្ដោះអាសន្ន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច