ព័ត៌មានទាន់ហេតុការណ៍៖

សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យឃាត់ខ្លួនបុរស២នាក់ពីបទដឹកជញ្ជូនឈើប្រណីត

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ ឃាត់ខ្លួនបុរស២នាក់ ជាមុខសញ្ញាដឹកឈើប្រណីត តាមរថយន្តតាកូម៉ា ចេញមកពីខេត្តព្រះវិហារ កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា រៀងរាល់យប់ថ្ងៃគេបានឃើញសកម្មភាពរថយន្តដឹកឈើគ្រញូងបានធ្វើចរាចរណ៍ចេញខេត្តសៀមរាប និងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំជាបន្ដបន្ទាប់ ក្រោយពីស្ងាត់មួយរយៈពេលខ្លី ។ ជាក់ស្តែង រថយន្តដឹកឈើគ្រញូងបីគ្រឿង មានរថយន្តបាឡែន២គ្រឿង និងរថយន្តហៃឡែនឌ័រ១គ្រឿង បានធ្វើសកម្មភាពដឹកឈើចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំមុនពេលចាប់រថយន្តតាកូម៉ា១គ្រឿងនោះ ។

លោកភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យបានឲ្យដឹងថា រថយន្តដឹកបទល្មើសឈើប្រភេទធ្នង់ជិតពេញមួយរថយន្ត ម៉ាកតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២ Z ២២៦៣ អ្នកបើកបរឈ្មោះ លុយ សុខគា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះសុខ ឈី រស់នៅភូមិ ឃុំជាមួយគ្នា ក្នុងស្រុកសន្ទុកទាំង២នាក់ ព្រមទាំងរថយន្ដដឹកឈើទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីវាស់វែងចាត់ការផ្លូវច្បាប់ និងសាកសួរ ចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី

as-3 as as-1 as-2


ចែករំលែក៖