ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះវីឡាជួល របស់លោក ប៉ុក ស៊ីនៅ ស្ថិតក្នុងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ០៩នាក់ ស្រី ០៣នាក់ (ជនជាតិវៀតណាម ០៨នាក់ ស្រី ០៣នាក់, ជនជាតិចិន ០១នាក់ ប្រុស)។
ក្នុងនោះចាប់យកសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្ន។
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច