ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែទុរេន និង ស្វាយ ដែលមានគុណភាពទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម មកបណ្តាក់ទុននៅកម្ពុជា។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលតែងតាំងថ្មី ប្រចាំព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យជាច្រើននាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ទោះបីជាកម្ពុជា និងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នា ប៉ុន្តែប្រទេសទាំងពីរប្រកាន់នូវគុណតម្លៃ និងទស្សនរួមគ្នា ក្នុងនាមជាប្រទេសតូច ដែលពឹងផ្អែកលើ គោលការណ៍សន្តិភាព ប្រព័ន្ធពហុភាគីនិយម និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការរស់រាន និងការអភិវឌ្ឍរបស់ខ្លួន នៅក្នុង បរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់ និងកំពុងប្រែប្រួល យ៉ាងឆាប់រហ័ស ហើយក្នុងនោះអាស៊ាននៅតែជាក្របខ័ណ្ឌ យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសសមាជិក ដោយរួមទាំងកម្ពុជា និងសិង្ហបុរី ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍រួម។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងជុំវិញការធ្វើពាណិជ្ជកម្មថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិន លំដាប់ទី៣របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជានិងសិង្ហបុរីនៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប លោក Steven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់កម្ពុជា និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើទំនើបកម្មប្រទេស ក្រោមក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត និងការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបញ្ជូនពលករកម្ពុជាទៅធ្វើការ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី ព្រមទាំងការអភិវឌ្ឍ ធនធានមនុស្ស ដោយបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា។
គួរបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីបានពិភាក្សា អំពីលទ្ធភាពនៃការជំរុញការនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់ កម្ពុជា ពិសេសផ្លែឈើដូចជា ទុរេន និងស្វាយ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែ ច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន, ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល, ការកសាងសមត្ថភាព និងការចែករំលែក បទពិសោធន៍លើការគ្រប់គ្រង និងការពង្រឹងអភិបាលកិច្ច និងគោលការណ៍គុណាធិបតេយ្យ ក្នុងវិស័យសាធារណៈ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច