ខេត្តកណ្តាល: កម្លាំងចម្រុះមកពី ស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ។
ប្រតិបត្តិបត្តិការលើផ្ទៃទឹក ទ្រុងទ្រាយធំនេះបានធ្វើឡើងពេញមួយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅតំបន់អតីតដែនឡូនេសាទលេខ១-២-៣-៤-៥-៦ មានភូមិសាស្ត្រជាប់ស្រុកចំនួន៤ គឺស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ។
ក្នុងពេលដែលកម្លាំងចម្រុះ បើកប្រតិបត្តិការទ្រង់ទ្រាយធំនេះដែរប្រជានេសាទជាច្រើនគ្រួសារដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំប្រាសាទ ឃុំតាយោ ស្រុកស្អាង បានបើកទូកជាច្រើនគ្រឿងមករារាំងកម្លាំងសមត្ថកិច្ចមិនអោយរុះរើ ឧបករណ៍នេសាទខុសច្បាប់របស់ពួកគាត់ឡើយ ។
ដោយប្រឈមមុខទៅនិងការរារាំងពីប្រជាពលរដ្ឋរួចមកកម្លាំងចម្រុះបានសម្រេចដកឃ្លាថយព្រោះខ្លាចកើតមានហឹង្សារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ។ ទោះជាប្រឈមនិងបញ្ហានៅចំពោះមុខក៍ដោយ សមត្ថកិច្ចជលផលបានធ្វើការអប់រំណែនាំនិងពន្យល់អោយបងប្អូនប្រជាពលរដ្ឋបានយល់ពីការប្រើប្រាស់ ឧបករណ៍នេសាទ ដែលច្បាប់ ហាមឃាត់ដោយសារ ឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះកំពុងបំផ្លាញធនធានមច្ឆារជាតិ និងសូមអោយ ប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចដើម្បីរួមគ្នាការពារធនធានមច្ឆារជាតិ ៕សណ្តោស