ខេត្តកំពង់ស្ពឺះ រថយន្តចំនួន៣គ្រឿង ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បង្ក្រាប ខណៈដែលឈើល្មើសច្បាប់នោះ ដឹកចេញពីតំបន់ជាំ ។
ហេតុការណ៍ឃាត់ចាប់រថយន្តទាំង៣គ្រឿងខាងលើនេះ បានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រថយន្តទាំង៣គ្រឿងនោះ ទី១ជាប្រភេទរថយន្តត្រូពិច (ទួលរីស)គ្មានស្លាកលេខចំនួន២គ្រឿង និងមួយគ្រឿងទៀត ជាប្រភេទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ ហើយក៏មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដែលក្រោយឃាត់រថយន្តហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
តាមមន្ត្រីកំលាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់បាននិយាយអោយដឹងថា ការចុះបង្ក្រាបឈើចំនួន៣រថយន្តខាងលើនេះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយអនុវត្តន៍តាមសារាចរណែនាំលេខ០៥ ស រ ណ ន ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ។
បន្ទាប់ពីបានស្រាវជ្រាវរួចមក ក៏ឈានទៅឃាត់បានរថយន្តដឹកឈើចំនួន៣គ្រឿងដែលសហការជាមួយគណបញ្ជាការអែកភាពស្រុកផងដែរ ។
បន្ទាប់ពីឃាត់រថយន្តចំនួន3គ្រឿង ដឹកឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារបង្អួចរួច ។
បច្ចុប្បន្នរថយន្ត និងឈើយកមករក្សារទុកនៅសាលាស្រុក ដើម្បីចាត់ការបន្ត តែចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេកំពុងតែវាស់វែងជាក្រោយ រួចចាត់ការបន្តតាមផ្លូវច្បាប់របស់ជំនាញរដ្ឋបាលព្រៃឈើ ៕ សេនា សក្តិ