ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅស្ទើរតែគ្រប់កិច្ចប្រជុំ ឬពិធីសំណេះសំណាលនានា ទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានអំពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញពាក់ព័ន្ធនឹងបញ្ហានេះថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែងក្នុងការបង្រ្កាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត តាមរយៈសកម្មភាពការងារ ដូចខាងក្រោម៖
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែង។ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ, កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ ជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។
ចំណែកសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ថា ជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ ទន្ទឹមនឹងការកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវខ្ពស់ សម្តេចប្រមុខរដ្ឋស្តីទី បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាពនិងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានដូចជា៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅសំខាន់គឺបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេ បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យ ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ១០ខែកន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានរាប់រយករណី ដោយក្នុងនោះ ជនសង្ស័យរាប់ពាន់នាក់ដែលពាក់ព័ន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនបរទេសរាប់សែននាក់ត្រូវបានបណ្តេញចេញ ឬស្ម័គ្រចិត្តចាកចេញពីកម្ពុជា។ កាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះ តុលាការខេត្តកំពតក៏បានសម្រេចផ្តន្ទាទោសជនជាតិចិន៦នាក់ ឱ្យជាប់ពន្ធនាគារកំណត់ម្នាក់ៗអស់មួយជីវិតពាក់ព័ន្ធនឹងឃាតកម្មលើនិស្សិតជនជាតិកូរ៉េកាលពីខែសីហា ឆ្នាំ២០២៥។ ទាំងនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះឱ្យទាល់តែអស់ពីកម្ពុជា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច