ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារបានចុះ ត្រួតពិនិត្យទីតាំងដែលសង្ស័យចំនួន ៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៦៩នាក់ (ស្រី ១៣៩នាក់) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់។ ក្នុងចំណោម ៨៥ទីតាំង នេះបានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីស្ថិតនៅបុរីអាម៉ូរីសែនសុខ ផ្ទះលេខ១៨បេ ផ្លូវលេខ០៣ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជន សង្ស័យចំនួន៦នាក់ (ស្រី ១នាក់) គ្មានលិខិតឆ្លងដែន ៥នាក់ ក្នុងនោះមានជនជាតិចិន៥នាក់និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងដកហូត សម្ភាររួមមាន កុំព្យូទ័រ យួរដៃ ១គ្រឿង ទូរស័ព្ទ៥២គ្រឿង ធុងCPU ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។
នេះបើតាមការបញ្ជាក់ឱ្យដឹងលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ។ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថានឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLI NE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ការរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCA MS) ចំនួន១ករណី នៅខណ្ឌសែនសុខនេះ បើតាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថា៖ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាពវិនិយោគដែលមានគោលដៅទៅប្រទេសចិន។
ដោយឡែកនៅខណ្ឌកំបូល ក្រុមការងារបានបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ចំនួន ១ករណីស្ថិតនៅសណ្ឋាគារហៃយ៉ាត់ ( ហៃឡី) និងអគារពាណិជ្ជកម្ម លើក្បាលដីលេខ៣៩៩៤ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ដោយបាន ឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានជនជាតិចិន៧នាក់និងជនជាតិខ្មែរ ១នាក់ ព្រម ទាំងដកហូត សម្ភាររួមមាន៖ តុបាការ៉ាត់៩តុ (គ្មានជើង), ម៉ូនីទ័រប៉ាការ៉ាត់ ៨គ្រឿង, ស្លត់ម៉ាស៊ីន១១, ទូរូឡែត១, ទូបាញ់ត្រី២, តុម៉ាជាំង១, ម៉ូនីទ័រ ១០គ្រឿង, ធុងCPU ៤គ្រឿង, Printer ២គ្រឿង, ម៉ាស៊ីនរាប់លុយ ២គ្រឿង, ឧបករណ៍ Server មួយចំនួន, កៅអីខ្មៅវិល ១៨កៅអី, កៅអីពូកមាស ៥៦កៅអី, កៅអីក្រហមខ្មៅ ៤៥កៅអី, កៅអីស ៩កៅអី។
បច្ចុប្បន្នជនសង្ស័យនិងសម្ភារទាំងអស់នោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ។
លោកស្រីអ្នកនាំពាក្យបន្ថែមថា៖ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ១២ទីតាំង មនុស្សចំនួន ៣៣នាក់ គិតជាថវិកាសរុបបានចំនួន ១៣២.០០០.០០០រៀល (មួយរយសាមសិបពីរលានរៀល ) ៕. ដោយ សំរិត


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច