ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ។
នៅមុនកិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត នៃកិច្ចចរចារមួយចំនួន រវាង អតីតព្រះមហាវិរៈក្សត្រនៃកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ ថ្ងៃនេះគឺជាខួបទី ២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣តុលា ១៩៩១-២៣ តុលា ២០១៦) ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាព អោយបានល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន។
ក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញនេះ សម្តេចតេជោ បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសត្រូវគ្រប់គ្រងនិងទប់ស្កាត់អោយបាននូវអំពើភេរវកម្ម អំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀនដែលជាបញ្ហាធំកុំអោយយុវជនយើងរងគ្រោះ។
អាជ្ញាធរត្រូវធ្វើការអោយស្របគ្នាក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ ដែលមានសេវាសំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អ ឆាប់ និងមានប្រសិទ្ឋិភាព មិនយកម្រៃសេវាលើសពីតម្លៃដែលច្បាប់បានកំណត់។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែងាយស្រួល គឺនៅផ្សារទំនើប AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ហើយនៅផ្សាទំនើប AEON 2 ក៏នឹងមានកន្លែងធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋផងដែរ ក្រោយពីបានសាងសង់រួចជាស្ថាពរហើយនោះ។ សព្វថ្ងៃនេះ បច្ចេកវិទ្យាក៏បានជួយសម្រួលដល់សេវាសាធារណៈបានមួយកម្រិតធំដែរដូចជា ការបង់ពន្ឋរថយន្ត និងធ្វើស្លាកលេខ Online, ទិដ្ឋាការ, ការបើកប្រាក់បៀវត្សន៍ និងបង់ពន្ឋតាមកាត ATM និងសេវាផ្សេងៗជាច្រើនទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញអោយ មន្រ្តីរាជការត្រូវតែខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា និងត្រូវមានឥរិយាបទសមរម្យខណៈពេលបំពេញការងារ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវទៅបង់ពន្ធធ្វើជាគំរូ។
រាជរដ្ឋាភិបាលត្រូវការប្រមូលចំណូលដើម្បីពង្រឹងថវិកាជាតិ ដែលអាចផ្តល់លទ្ឋភាពអោយរដ្ឋាភិបាលអាចតម្លើងប្រាក់ខែជូនមន្រ្តីរាជការយើងអោយកាន់តែមានជីវភាពធូរធារ។
សម្តេចតេជោក៏បានបញ្ជាក់ដល់មន្រ្តីរាជការ និងក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ គឺត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ពិសេសដីដែលមន្ត្រី ឬប្រជាពលរដ្ឋកំពុងរស់នៅយូរហើយ ដែលស្ថិតនៅក្នុងសារពើព័ន្ធរដ្ឋ គឺត្រូវកាត់ចេញអោយពួកគាត់អោយបានលឿន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៌រាជធានីភ្នំពេញអោយកាន់តែរីកលូតលាស់លឿនទៅមុខ។
កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕