នៅក្នុងគម្រោងថ្មី អាមេរិកនឹងបញ្ចូនយន្តហោះទម្លាក់គ្រាប់ទំនើបបំផុតរបសខ្លួន គឺ B-52 Stratofortress និង B 1B Lancer ទៅឈរជើងនៅលើទឹកដីកូរ៉េខាងត្បុងដើម្បីត្រៀមលក្ខណៈទប់ទលនឹងកូរ៉េខាងជើង ។
នៅក្នុងសន្និបាតស្តីពីសន្តិសុខ អាមេរិក និងកូរ៉េខាងត្បូងនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានពិភាក្សាពីគម្រោង ដាក់ពង្រាយអាវុធបន្ថែមដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ។
នៅក្នុងគម្រោងនោះអាមេរិក នឹងបញ្ជូនយន្តហោះទម្លាក់គ្រប់ទំនើបបំផុតរបស់ខ្លួន B-52 និង B-1B ទៅកាន់កូរ៉េខាងជើង ។
ដើម្បីទប់ទល់ និងការគំរាមកំហែងកាន់តែខ្លាំងឡើង ដោយកាំជ្រួចមីស៊ីល និងគ្រាប់បែកបរមាណូពីកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter និងសមភាគីកូរ៉េខាងត្បូង Han Min Koo បានសម្រេច និងបញ្ជូនអាវុធទំនើបៗបន្ថែមទៅកាន់កូរ៉េខាងត្បូង។
ភាគីទាំងពីរក៏បានលើកឡើងពីគម្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់ នាវាមុជទឹកដើរដោយថាមពលបរមាណូ ទៅកាន់កូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាមរបស់កម្លាំងទាហានអាមេរិកនៅទីនោះ ។ ក្រៅពីនេះ ក៏បានលើកឡើងពី គម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅកូរ៉េខាងត្បូងដូចការព្រមព្រៀង តែមិនបញ្ជាក់ពេលវេលាច្បាស់លាស់នោះឡើយ ។
ការសម្រេចបន្ថែមអាវុធខាងលើរបស់អាមេរិកកើតឡើងក្រោយពេល ដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីល Mussudan ជាថ្មី តែមិនទទួលបានជោគជ័យនោះឡើយ ។ ជាមួយគ្នានោះ ក្រុមអ្នកប្រឆាំងកូរ៉េខាងជើង នៅតាមព្រំដែនកូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោងនាំខិតប័ណ្ណ ជាង៣សែនសន្លឹក ហោះចូលទៅកាន់កូរ៉េខាងជើង ៕ ម៉ែវ សាធី