ភ្នំពេញ:បុរសជនជាតិវៀតណាម៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេតករណីក្លែងប័ណ្ណសម្គាល់ស្នាក់នៅនិងរស់នៅកម្ពុជាខុសច្បាប់ ។
មន្ត្រីតុលាការ ថ្លែងថា លោករស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនឈ្មោះ ង្វៀង វ៉ាន់ធិក អាយុ២៧ឆ្នាំ ឈ្មោះ ឡេ យ៉ាំងហ៊ុង អាយុ៣៤ឆ្នាំ និង ឈ្មោះ ង្វៀង យ៉ាំងម៉ៅ អាយុ៨១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ” ប្រើប្រាស់ឯកសារប័ណ្ណសម្គាល់ការស្នាក់នៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះផ្សេងពីឈ្មោះរបស់ខ្លួន និង លួចចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្នុងសិប្បកម្មឈើ ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា២៩និង៣២ច្បាប់ស្ដីពីអន្តោប្រវេសន៍ ៕ ចេស្តា