ខេត្តកណ្តាល ÷ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា សមត្ថកិច្ចបានឃាត់ ខ្លួន ជនសង្ស័យ ២នាក់ដែលប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ដកហូតវត្ថុតាងគ្រឿងញៀន ១៩កញ្ចប់ ទម្ងន់សរុប ៣,១៩ ក្រាម កាលពីវេលាម៉ោង ១៤និង៣០ នាទី នៅចំណុច រោងទុកចោលមួយកន្លែងស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
លោក វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់មាន : ១-ឈ្មោះ យ៉ា ខលេត ភេទប្រុស អាយុ២៨ឆ្នាំ, ២-ឈ្មោះ យ៉ាន សាលីម ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីរ( វិជ្ជមានសារធាតញៀន )ជាជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី និងរស់នៅជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុ ។
វត្ថុតាងចាប់យក ÷ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៩ កញ្ចប់ទម្ងន់សរុប៣,១៩ក្រាម -ទូរស័ព្ទដៃ២ គ្រឿង -ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១, ដែកកេះចំនួន០១, កញ្ចប់បារីម៉ាក MEVIUS ចំនួន០១។
លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ អំពីជនសង្ស័យទាំង០២នាក់ កំពុងប្រើប្រាស់នូវសារធាតុញៀន នៅចំណុច ទីតាំងហេតុភ្លាម លោកបានបញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍ដើមមៀន ចុះទៅដល់កន្លែងកើត ហេតុក៏ប្រទះឃើញជនសង្ស័យទាំង០២នាក់កំពុងតែប្រើប្រាស់គ្រឿងញៀននៅក្នុងរោង កម្លាំងក៏ធ្វើការឃាត់សួរនាំត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១៩កញ្ចប់ ដោយ០៣កញ្ចប់នៅក្នុងរោង និង១៦កញ្ចប់ទៀតដាក់ក្នុងកញ្ចប់បារីនៅលើដីខាងក្រោមរោង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀន០៣កញ្ចប់ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ ដោយជិះទូកមកលក់នៅម្តុំមាត់ទន្លេតាខ្មៅ ក្នុងតម្លៃ៣០,០០០៛(បីម៉ឺនរៀល) ដើម្បីយកមកប្រើ ប្រាស់ប្រាកដមែន ចំណែកថ្នាំញៀនចំនួន១៦កញ្ចប់ទៀត នៅក្នុងកញ្ចប់បារី នៅខាងក្រោមរោង មិនមែនជារបស់ពួកខ្លួនទាំងពីរនាក់ទេ។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច