ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថនាំខ្លួនបុរស់៣នាក់ទៅធ្វើកិច្ចសន្យាណែនាំអោយបញ្ឈប់សកម្មភាពគាស់ដែកផ្លូវរថភ្លើងចាស់គ្រោងធ្វើបន្ទប់ទឹកកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា ជាការណែនាំពីអភិបាលក្រុងសិរីសោភ័ណ ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះទៅពិនិត្យមើលផ្លូវដែកចាស់ចូលឃ្លាំងនិងរោងម៉ាស៊ីនដែលមានអ្នកលួចគាស់។ ក្រោយចុះពិនិត្យជាក់ស្តែងឃើញស្នាមគាស់ផ្លូវដែកចាស់ដែលតភ្ជាប់ពីផ្លូវដែកចូលទៅរោងម៉ាស៊ីននិងឃ្លាំងដែលកសាងតាំងពីសម័យមុន។
កម្លាំងបានបញ្ជាក់ថា ក្រោយចុះពិនិត្យជាក់ស្តែងនិងសាកសួរនាំពិតជាបានគាស់ដែកផ្លូវរថភ្លើងចាស់ដែលម្ចាស់នៅក្បែរបាននាំគ្នាគាស់ចំនួន៣នាក់ដែលគាស់គ្រោងធ្វើបន្ទប់ទឹកលើផ្លូវដែកចាស់ដែលផ្អាក់ចរាចរណ៍ជាច្រើនឆ្នាំតែត្រូវបានអាជ្ញាធរហាមឃាត់មិនអោយធ្វើបន្ទប់លើផ្លូវចាស់ចូលរោងម៉ាស៊ីននិងឃ្លាំង។
កម្លាំងបានបញ្ជាក់ថា នៅពេលចុះពិនិត្យឃើញជាក់ស្តែងបាននាំយុវជន៣នាក់ទៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោយសាកសួរមិនពិតដូចការចោទប្រកាន់លួចគាស់ផ្លូវដែកទៅលក់អេតចាយគឺគ្មានការពិតឡើយ ហើយកម្លាំងជំនាញបានធ្វើកិច្ចសន្យានិងណែនាំឲ្យបញ្ឈប់សកម្មភាពគាស់ផ្លូវដែករថភ្លើងជារបស់រដ្ឋដោយល្មើសច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច