ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
ទី១៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ច្បាស់ជាថ្មីទៀតថា កម្ពុជាមិនដែលឈ្លានពាន ឬគំរាមកំហែងប្រទេសណាឡើយ ទោះជាប្រទេសនោះខ្លាំង ឬខ្សោយក៏ដោយ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២០០នាក់ ដែលកំពុងបម្រើការនៅទីនោះ ក៏ដូចជាការឆ្លើយតបទៅនឹងព័ត៌មានដែលបានចុះផ្សាយពាក់ព័ន្ធនឹងវិស័យការពារជាតិរបស់កម្ពុជា។
សម្ដេចតេជោ បានបញ្ជាក់ថា ការផលិតសម្ភារៈយោធារបស់កម្ពុជា គឺដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់កងកម្លាំងកម្ពុជាជំនួសឱ្យសម្ភារៈដែលនាំចូលពីបរទេស រីឯការពង្រឹងវិស័យការពារជាតិ គឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនីមួយៗ ហើយកម្ពុជាមិនដែលជំទាស់នឹងប្រទេសណាឡើយ។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនដែលបានបញ្ជូនកងទ័ពរបស់ខ្លួនចេញផុតពីព្រំដែនទេ លើកលែងតែបេសកកម្មចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ រីឯការផលិតត្រឹមសម្ភារៈយោធា មិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះទេ ខណៈដែលដូនតាខ្មែរធ្លាប់កសាងបានរហូតដល់ប្រាសាទអង្គរវត្តកាលពីអតីតកាល។
សម្តេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់កម្ពុជា ដោយដាច់ខាតមិនបំពានលើប្រទេសណាឡើយ ក៏ប៉ុន្តែ កម្ពុជាគ្រាន់តែប្រើសិទ្ធិស្របច្បាប់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងករណីមានការរំលោភបំពាន។ ឆ្លៀតឱកាសនេះ សម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្នុងការនាំសាច់បង្កកពីប្រទេសថៃចូលមកប្រទេសកម្ពុជា ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដោយមិនលើកលែង។
ទី២៖ ក្នុងសុន្ទរកថាគន្លឹះ ថ្លែងក្នុង «វេទិកាអនាគតរបស់អាស៊ានលើកទី៣» នៅទីក្រុងហាណូយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរព។ ការណ៍នេះនឹងឈានទៅស្តារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃច្បាប់អន្តរជាតិ។ សម្តេចធិបតី បញ្ជាក់ថា កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទី៣៖ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ និង១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បន្តនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងព័ត៌មានស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប តាមរយៈវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកានេះ រៀបចំធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ (ថ្ងៃទី១២ ខែមិថុនា) និងនៅក្នុងបរិវេណសាលាស្រុកជីក្រែង (ថ្ងៃទី១៣ ខែមិថុនា) ដែលអនុញ្ញាតឱ្យយុវជន ប្រជាពលរដ្ឋ និងអតីតពលករដែលត្រូវការការងារអាចសួរនាំព័ត៌មានផ្សេងៗ និងដាក់ពាក្យហើយទទួលការសម្ភាសន៍ភ្លាមៗពីតំណាងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម ក្នុងវិស័យឧស្សាហកម្ម សំណង់ សេវាកម្ម កសិកម្ម និងកសិឧស្សាហកម្ម។
បន្ថែមពីលើនេះ ក៏មានការផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលមានរបបថែទាំសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធន។ លើសពីនេះ ឱកាសនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ទាំង១០វិស័យ និង៤៥ជំនាញ ដែលសុទ្ធសឹងតែជាជំនាញងាយរកការងារក្នុងទីផ្សារ ក៏មានបង្ហាញជូន ហើយអ្នកចូលរួមអាចចុះឈ្មោះដោយឥតគិតថ្លៃ និងអាចសិក្សានៅតាមសាលាទូទាំងប្រទេសដែលមានចំនួន ៣៧ទីតាំង។ សូមបញ្ចាក់ជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាបែបនេះចំនួន ៦១២លើកមកហើយ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីជួយដល់ពលរដ្ឋដែលត្រូវការការងារ ជាពិសេសអតីតពលករមកពីប្រទេសថៃ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច