ភ្នំពេញ ៖ លោក រិន សាគរ អភិបាលរង ក្រុងសំរោង បានបង្ហាញពីដំណាំសាគូរបស់កសិករគំរូឈ្មោះ លោក ថូ ដី ដែលជាម្ចាស់ចម្ការ និងជាកសិកររស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ ខែមិថុនា ឆ្នាំ២០២៦ លោកក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកសិករក្នុងការដាំដុះដំណាំយុទ្ធសាស្ត្រនិងដំណាំប្លែកៗដែលមានទីផ្សារ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនចំណូលនិងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន សកម្មភាពគាំទ្រផ្នែកកសិកម្មនេះ. តែងតែទទួលបានការយកចិត្តទុកដាក់ និងជំរុញជាប្រចាំពីរដ្ឋបាលក្រុងសំរោង ។
លោកបន្តថា គោលបំណង និងការវាយតម្លៃលើសក្តានុពលដំណាំគឺការស្វែងយល់ពីបច្ចេកទេសដាំដុះ ការលើកទឹកចិត្តកសិករក្នុងមូលដ្ឋាន ការពិភាក្សាលើឱកាសទីផ្សារ ។ក្រុមការងារក៏បានចុះពិនិត្យផ្ទាល់ដល់ចម្ការ ដើម្បីសិក្សាស្វែងយល់ពីការលូតលាស់ បច្ចេកទេសថែទាំ និងការប្រមូលផលដំណាំសាគូ ដែលជាប្រភេទដំណាំមួយមានលក្ខណៈពិសេស និងផ្ដល់ទិន្នផលល្អលើដី នៃភូមិសាស្ត្រក្រុងសំរោង។
លោកអភិបាលរងក្រុងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះលោក ថូ ដី ដែលមានគំនិតច្នៃប្រឌិត ហ៊ានសាកល្បងដាំដុះដំណាំប្រភេទថ្មីនេះ រហូតទទួលបានជោគជ័យ ចេះកែច្នៃស្រទាប់ផ្កាឬមើមសាគូដើម្បីបានបង្កើនតម្លៃបន្ថែមនិងអាចក្លាយជាគំរូដ៏ល្អសម្រាប់កសិករដទៃទៀតក្នុងសហគមន៍។ ហេតុនេះបងប្អូនកសិករខិតខំដាំដុះកាន់តែច្រើន ដើម្បីមានជីវភាពកាន់តែធូរធារ ។
លោកបន្តថា រដ្ឋបាលក្រុងសំរោងនឹងបន្តសហការជាមួយការិយាល័យជំនាញកសិកម្មដើម្បីចុះជួយគាំទ្រផ្នែកបច្ចេកទេសបន្ថែម និងជំរុញការផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែទូលំទូលាយ សំដៅប្រែក្លាយវិស័យកសិកម្មនៅក្នុងក្រុងឱ្យទៅជាកសិកម្មទំនើប មានការច្នៃប្រឌិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច