ខេត្តមណ្ឌលគិរី៖ ក្រុមយុវជនដែលនិយមជិះម៉ូតូកែច្នៃបំពាក់ស៊ីម៉ាំងប្រែនបន្លឺសំឡេងកងរំពងប៉ះពាល់សណ្តាប់ធ្នាប់សង្គម ហើយម៉ូតូខ្លះថែមទាំងបានដោះហ្វ្រាំងក្រោយចេញ បង្កការរំខាន និងគ្រោះថ្នាក់យ៉ាងខ្លាំងលើដងផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្ទាក់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដើម្បីធ្វើការអប់រំណែនាំ និងរឹតបន្តឹងច្បាប់ចរាចរណ៍។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុង បានចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យលើក្រុមយុវជនដែលជិះម៉ូតូដេញគ្នាជាក្រុម ធ្វើដំណើរមកពីខេត្តក្រចេះ ក្នុងគោលបំណងមកកម្សាន្តនៅតំបន់ភ្នំណាមលៀ ខេត្តមណ្ឌលគិរី។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនក្រុមយុវជនសរុបចំនួន ១៧នាក់ (ស្រី ៤នាក់) និងម៉ូតូចំនួន ១៣គ្រឿង យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យរុះរើសម្ភារៈកែច្នៃខុសច្បាប់ចេញវិញ ព្រមអប់រំឱ្យគោរពច្បាប់ចរាចរណ៍ជាដាច់ខាត មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច