ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា នេះថា ក្រុមយុវជនចំនួន ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ ពីពួកគេមានគ្នា ៥នាក់បានជិះម៉ូតូគេចពីគោលដៅត្រួត ពិនិត្យ ហើយបានធ្វើសកម្មភាពធាក់ម៉ូតូរបស់កម្លាំងប្រជាការពារចំនួន ៣ជើងក្នុងពេលប្រដេញគ្នា រួចបន្តជិះរត់គេចរហូតទៅបុកគល់ស្ពានបណ្ដាលឲ្យរងរបួសខ្លួន ឯង។ ប្រតិបត្តិការដេញចាប់នេះបានធ្វើឡើងកាលពីម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភ័ក្រ ដាតា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជាប្រជាការពារឃុំសៀមរាប និងមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្រុមជនសង្ស័យទាំង ៥នាក់រួមមានទី១ ឈ្មោះ យុន សុធីន ភេទប្រុស អាយុ២២ឆ្នាំ ទី២ ឈ្មោះ ជា វិសល់ ភេទ ប្រុស អាយុ ១៧ឆ្នាំនិងទី៣ ឈ្មោះ សុន ភា ភេទប្រុស អាយុ២៤ឆ្នាំ ដែលអ្នកទាំង ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ដោយឡែកជនសង្ស័យ ២នាក់ទៀតឈ្មោះ មករា ភេទប្រុស អាយុ២២ឆ្នាំនិងឈ្មោះ អូ ភេទ ប្រុស អាយុ២២ឆ្នាំកំពុងរត់គេចខ្លួន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ២គ្រឿង (ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ ឈាម ជ្រូកស៊េរីឆ្នាំ២០២៣ គ្មានផ្លាកលេខ និងម៉ាកស្គូពីពណ៌សពាក់ផ្លាកលេខ កណ្ដាល 1AR 8799) និងទូរស័ព្ទដៃ ៣គ្រឿងម៉ាកអូប៉ូ ម៉ាកអាយហ្វូន៧ និងម៉ាកសាមសុង។
ប្រភពសមត្ថកិច្ចបានបន្តថា កាលពីម៉ោង ២២ និង ០០នាទី ថ្ងៃទី៦ មិថុនា ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹងបានដាក់គោលដៅត្រួត ពិនិត្យនៅលើផ្លូវជាតិលេខ២ ក្នុងភូមិសៀមរាប។ លុះ ដល់វេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ស្រាប់តែមានក្រុមជនសង្ស័យទាំង ៥នាក់ជិះម៉ូតូ ៣គ្រឿងគ្មានផ្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង។ ពេលនោះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបានជិះម៉ូតូដេញតាម រហូតមកដល់ចំណុចភូមិព្រែកអង្គុញ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ យុន សុធីន រួមនិងម៉ូតូ ១គ្រឿង។
ប្រភពសមត្ថកិច្ចបញ្ជាក់ថា ចំណែកជនសង្ស័យ ៤នាក់ទៀតបានជិះម៉ូតូ ២គ្រឿងរត់គេចខ្លួនបន្ត។ ក្នុងពេលប្រដេញគ្នានោះ ជនសង្ស័យឈ្មោះ ជា វិសល់ ដែលជិះម៉ូតូហុងដាឌ្រីមពណ៌ឈាមជ្រូក បានធ្វើសកម្មភាពធាក់ម៉ូតូរបស់កម្លាំងប្រជាការពារចំនួន ៣ជើង (ត្រូវចំចង្កូត ២ជើង) តែមិនបណ្ដាលឲ្យដួលនោះទេ រួចក៏បន្តជិះគេចខ្លួនរហូតដល់ចំណុចភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ក៏បានរេចង្កូតទៅបុកគល់ស្ពានបណ្ដាលឲ្យរងរបួស។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យចំនួន ២នាក់បន្ថែមទៀត ចំណែក ២នាក់ទៀតបានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា វិសល់ បានឆ្លើយសារភាពថាខ្លួនពិតជាបានធាក់ម៉ូតូកម្លាំងប្រជាការពារ និងជិះរត់គេចទៅបុកស្ពានរងរបួសដោយ ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច