ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត highlander បេីកបុករបាំងថ្មពុះចែកផ្លូវរងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បានបើករថយន្តម៉ាក​ Toyota highlander មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ ចំណែករថយន្ត ដាច់កាឡេ កង់មួយចំហៀងខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវ ២៨៩សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក Toyota highlanderពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AT-0628 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ចំណែករថយន្តបង្កបានដាច់កាឡេកង់ មុខ ចំហៀងខាងឆ្វេងទៅមុខលែងរួចដោយរងការខូចខាតយ៉ាង​ ក្នុងករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សនោះឡេីយ​ ។ ចំណែកឯអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖