ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុងបញ្ជាក់រឿងបងស្រីធម៌នៅអូស្ត្រាលីដកហូតទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងនិងកំប្លែងស្រី ល្បីឈ្មោះនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលទទួលបានការសរសើរទាំងការ សម្តែងនិងភព្វវាសនាខ្ពស់ព្រោះមានបងស្រីធម៌នៅប្រទេសអូស្ត្រាលីប្រគល់ផ្ទះមួយល្វែងជាកម្មសិទ្ធិ។ ទោះជាយ៉ាងណាដំណឹងចុងក្រោយដែលគេទទួលបានបានទម្លាយថានាងត្រូវបានបងស្រីធម៌នៅឯនាយសមុទ្រដកហូតយកទ្រព្យនោះវិញ។

ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបាន បញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះតារា កំប្លែងស្រីនាងខ្ញុងកាន់តែប្រឹងប្រែងជាមួយនឹងការងារសិល្បៈទ្វេឡើងដើម្បីខិតខំរកប្រាក់សង់ផ្ទះផ្ទាល់ខ្លួនត្បិតបងស្រីធម៌នៅប្រទេសអូស្ត្រាលីដកហូតយកផ្ទះសម្បែងវិញ។ ប្រភពបន្តដែរថា ដោយសារទំនាក់ពាក្យសម្តីខ្លះៗជាមួយបងស្រីធម៌នោះទើបបញ្ហាខាងលើត្រូវបានផ្ទុះឡើង ហើយផ្ទះដែលនាងបានចូលទៅរស់នៅជាមួយកូននិងក្រុមគ្រួសារអស់រយៈពេលជាង២ឆ្នាំនោះត្រូវបងស្រីធម៌នាងយកទៅវិញ។ ប្រភពដដែលលើកឡើងថា បងស្រីធម៌នាងដែលជាម្ចាស់សម្អាងការសុខគាប៊ូតាក៏មិនបោះបង់ចោលផ្ទះដែលមានតម្លៃមិនក្រោម២០ម៉ឺនដុល្លារនេះដែរគឺបានបិទទ្វារចោលដោយមិនមានអ្នកចូលទៅរស់នៅដែរ។

ឆ្លើយតបការលើកឡើងនេះត្រូវបានតារាកំប្លែងស្រីខាងលើលើកឡើងថា ការដែលលេចឮថាបងស្រីធម៌នាងដកហូតយកផ្ទះ វិញនោះគឺជារឿងមិនពិត ។ នាងទទួលស្គាល់ ថា នាងឈប់ស្នាក់នៅផ្ទះនោះហើយដោយនាងត្រូវចេញទៅរស់នៅផ្ទះផ្ទាល់ខ្លួនហើយផ្ទះដែលជារបស់បងស្រីធម៌នាងផ្តល់ឲ្យនោះគឺនាងជាអ្នកប្រគល់ឲ្យគាត់វិញនោះទេមិនមែនជាការដកហូតដោយសារមានទំនាស់ណាមួយឡើយ។ នាងបន្តថា ទំនាក់ទំនងនាងនិងបងស្រីធម៌នាងគឺនៅដដែលមិនមានការប្រែប្រួលទេហើយនាងក៏នៅតែបន្តទទួលកម្មវិធីកាត់សក់សម្រាប់សម្អាងការខាងលើជាធម្មតា។ នាងបញ្ជាក់ថា ការប្រគល់ផ្ទះជូនបងស្រីវិញព្រោះតែនាងចង់ រស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ហើយផ្ទះថ្មីនាងក៏នៅមិនឆ្ងាយពីទីនោះដែរ ប៉ុន្តែសម្រាប់ តម្លៃផ្ទះដែលនាងទិញគឺនាងមិនអាចបញ្ជាក់បាននោះទេ។ តារាស្រីរូបនេះបញ្ជាក់ដែរ ថា បើទោះបីជាផ្ទះក្រោយដែលនាងទិញខ្លួនឯងនោះមានទំហំជាងផ្ទះចាស់ក៏នាងពេញចិត្តនិងអ្វីដែលកើតឡើងពីញើសឈាមដែលនាងរកបាន។

គួរបញ្ជាក់ដែរថាតារាកំប្លែង នាងស្រេង សុកាន់ដា ហៅនាងខ្ញុងបានរៀបចំពិធីឡើងផ្ទះវីឡាកូនកាត់នៅបុរីពិភពថ្មី ក្នុងខណ្ឌ ឫស្សីកែវក្បែរស្ថានីយទូរទស្សន៍ស៊ីធីអិន និងនៅមិនឆ្ងាយពីផ្ទះតារាកំប្លែងរួមក្រុម នាយពែកមីដែរ។ កម្មវិធីឡើងផ្ទះខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលពីភព្វវាសនានាងនិងនាយពែកមីដែលមានវាសនាទទួលបានផ្ទះពីបងធម៌។ទោះជាយ៉ាងណាពេលនេះផ្ទះនោះមិនមែនជាកម្មសិទ្ធិ របស់នាងទៀតទេប៉ុន្តែផ្ទះដែលបងស្រីចិត្តធម៌រូបនោះប្រគល់ជូននាយពែកមីគឺនាយពែកមីនៅស្នាក់នៅជាធម្មតាជាមួយកូនប្រពន្ធដដែល ៕ វឌ្ឍនា

img_7788


ចែករំលែក៖