ខេត្តកំពត ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងសម្ថកិច្ចក្រុងកំពត ដឹកនាំ ដោយលោកវរសេនីយ៍ទោ ងឹម វ៉េត អធិការ ក្រុងបើកប្រតិបត្តិការព័ទ្ធស្ទាក់ចាប់បានក្រុមចោរនៅត្រង់ចំណុច ជិតអូតែលបូកគោ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកំពតបានបញ្ជាក់ប្រាប់ថាក្រុមចោរ ទាំង៦នាក់នេះ ទី១-ឈ្មោះ ហម វាសនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទី២- ឈ្មោះ សុខ ចាប ហៅភាព ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣-ឈ្មោះ ប៊ូ ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិប្រញ៉ង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ទី-៤ឈ្មោះ ជា ជ្រូក ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដំរីផុង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ទី៥-ឈ្មោះ ឌី កៃនឿន ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម ៦-ឈ្មោះ ទីវណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍បានបន្តថា ក្រុមចោរ ទាំង៦នាក់នេះបានធ្វើសកម្មភាពជាច្រើនលើកមកហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់ បង្ក្រាបបាន ។ ការធ្វើសកម្មភាពរបស់ក្រុមចោរទាំងនេះក្នុងខេត្តកំពតកន្លងមកសកម្មណាស់ ។ ជាក់ស្តែងថ្ងៃនេះកម្លាំងរបស់ លោកបានបង្ក្រាបនិងចាប់ដកហូតបានវត្ថុតាងរួមមានរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ2D-8638 និងម៉ូតូសង់សេ៊រីឆ្នាំ ២០១៦ មួយគ្រឿង មានស្លាកលេខភ្នំពេញ 1GA-8296 ។ វត្ថុតាងទាំងនេះកន្លងមកជា មធ្យោបាយសម្រាប់ពួកគេធ្វើសកម្មភាព ក្នុងខេត្តកំពត ។
លោកវរសេនីយ៍ទោ ងឹម វ៉េត អធិការ នគរបាលក្រុងកំពតបានបង្ហាញវត្ថុតាង មួយចំនួន ដូចជាកូនសោជាច្រើន និងស្លាកលេខម៉ូតូចំនូន៣និងសម្ភារផ្សេងៗទៀត សម្រាប់ធ្វើសកម្មភាព និងផ្លាស់ប្តូរ ក្រោយ ប្លន់បានសម្រេច ។ លោកអធិការបានបន្ត ថា ក្រុមចោរទាំង៦នាក់នេះកន្លងមកមាន រូបភាព ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរួចមកហើយ ដែលជាជនរង គ្រោះបាត់ម៉ូតូ ។
ដោយឡែកព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ ជនរងគ្រោះបានឃើញក្រុមចោរទាំងនេះចេញមុខមកទៀត ទើបពួកគាត់ប្តឹងទៅលោកស្នងការផ្ទាល់តែម្តង ។ ភ្លាមៗនោះដែរ លោកឧត្តម សេនីយ៍ត្រី មៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ បាលខេត្តបានដឹកនាំផ្ទាល់និងចេញបទ បញ្ជាឲ្យកម្លាំងសម្ថកិច្ចទាំងអស់ និងកង កម្លាំងអន្តរាគមន៍ពិសេសរបស់លោកព័ទ្ធស្ទាក់ដេញចាប់បាន៥នាក់នៅមុខអូតែល បូកគោ ចំណែកម្នាក់ទៀតជិះម៉ូតូរត់ត្រូវបានកម្លាំងសម្ថកិច្ចដេញតាមប្រមាញចាប់បាននៅជិតផែកំពង់កណ្តាល ។
បច្ចុប្បន្នក្រុមចោរទាំង៦នាក់នេះ ត្រូវបានសមត្ថកិច្ចសាកសួរនិងធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនរួមទាំងវត្ថុតាងទៅកាន់តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ