ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីរថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុងគ្រុប បានបើកចុះពីលើស្ពានជ្រាយចង្វា គោលបំណងបើកចូលក្នុងរាជធានីភ្នំពេញ បណ្ដាលឲ្យរថយន្តដាច់ហ្វ្រាំង បានបើកឡើងលើសួរច្បារមុខកាំភ្លើងគួចកាណុងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវរត់ចែកជើងគ្នា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយសារតែរថយន្តខុសបច្ចេកទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចគោលស្ពានជ្រាយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុខពេលកើតហេតុគេឃើញរថយន្តបង្កជាប្រភេទដឹកស៊ីម៉ង់ត៍ ពណ៌លឿង ពាក់ស្លាកលេខស៊េរីចាស់-៤១៥២ ភព៣ បើកបរដោយបុរសម្នាក់វ័យជាង៣០ឆ្នាំ និងព្រូឡានម្នាក់រួមដំណើរផងដែរ លុះពេលកំពុងតែបើកចុះពីលើស្ពានស្រាប់តែមិនដឹងយ៉ាងម៉េចក៏ដាច់ហ្វ្រាំង ប៉ុន្តែសំណាងល្អដោយអ្នកបើកបរមានស្មារតីខ្ពស់បានបត់ចង្កូតឡើងលើសួរច្បារតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានបានអន្តរគមន៍ឃាត់រថយន្តបង្ករួចប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធី ៕ ស ដារ៉ា