ព័ត៌មានទាន់ហេតុការណ៍៖

កុមារាមួយក្រុមនាំគ្នាលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ កុមារមួយក្រុមបាននាំគ្នាទៅលេងស្រះទឹកមួយកន្លែង តែជាអកុសលបែរជាបណ្តាលឲ្យកុមារាម្នាក់លង់ទឹកស្លាប់  បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កុមារាខាងលើមានឈ្មោះ ណូ អាយុ ០៨ឆ្នាំ ភេទប្រុស មានទីលំនៅក្បែរវត្តនាគវន្ត។ 

តាមការបញ្ជាក់ពីមិត្តភក្តិកុមារារងគ្រោះ បានឲ្យដឹងថា ខ្លួននិងគ្នីគ្នាចំនួន ៤-៥នាក់ បានបបួលកុមារារងគ្រោះមកដើរលេង នៅចំណុចស្រះទឹកខាងលើ ចាប់តាំងពីម៉ោង២រសៀលមកម៉្លេះ ។ លុះពេលមកដល់ស្រះទឹក កុមារារងគ្រោះក៏បានដោះខោអាវនិងបានយកក្តារឈើដើម្បីហែលលេងទឹកតែម្នាក់ឯង រហូតមួយសន្ទុះក្រោយមក កុមារាខាងលើបានហែលទៅបុកបង្គោលសសរ ដែលនៅច្រាំងម្ខាងទៀត បណ្តាលអោយធ្លាក់ចូលទឹកលិចបាត់តែម្តង ។ 

ប្រភពពីម្តាយកុមារារងគ្រោះបានឲ្យដឹងថា គាត់មិនបានដឹងថាកូនរបស់គាត់ លួចមកលេងទឹកស្រះនៅក្នុងតំបន់បឹងកក់តាំងពីពេលណានោះឡើយ ។ ដោយនៅវេលាម៉ោង ៥ល្ងាច ទើបមានមិត្តភក្តិរបស់កូនគាត់ដែលមកលេងជាមួយគ្នាប្រាប់ថា កូនគាត់លង់ទឹកលិចបាត់ខ្លួនហើយ ទើបគាត់ប្រញាប់ប្រញាល់ទាក់ទងទៅបងប្អូន និងរាយការណ៍ជូនសមត្ថកិច្ចអោយជួយអន្តរាគមន៍ជុំវិញទីតាំងកើតហេតុ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ រួចបានចុះទៅរាវរកជាមួយបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជាច្រើនម៉ោងហើយ ប៉ុន្តែនៅតែពុំទាន់រកឃើញ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖