ខេត្តស្វាយរៀង:កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងស្នងការនគរបាលខេត្ត បានចូលរួមសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ ហ្គោដ ឡាក់ ចំនួន ៣អគារ ស្ថិតនៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងស្នងការនគរបាលខេត្ត បានចូលរួមសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ ហ្គោដ ឡាក់ ចំនួន ៣អគារ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ដោយ ជាលទ្ធផល ក្រុមការងារបានរកឃើញ ជនបរទេសសរុបចំនួន ១៦៩នាក់ ស្រី ៥៦នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ៦៨នាក់ ស្រី ៣៧នាក់ ជនជាតិចិនចំនួន ៨៥នាក់ ស្រី ១៥នាក់ ជនជាតិឡាវ ៤នាក់ កូរ៉េ ៤នាក់ (រកឃើញ ២នាក់ មាននិវេទន៍ក្រហម) ម៉ាឡេស៊ី ស្រី ១នាក់ នេប៉ាល់ចំនួន ៣នាក់។
ក្នុងនោះ ជនជាតិកូរ៉េ ២នាក់ (រកឃើញ ២នាក់ មាននិវេទន៍ក្រហម) ត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្ត ដោយឡែក ចំពោះជនជាតិវៀតណាម ១៩នាក់ ស្រី ៨នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជនជាតិចិន ១នាក់ ព៉ំមានលិខិតឆ្លងដែន បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត។
ការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ ហ្គោដ ឡា មានសមាសភាព លោកអនុប្រធាននាយកដ្ឋានចារកម្ម លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុង លោកអធិការ អធិការរងនគរបាលក្រុង លោកនាយករងរដ្ឋបាលក្រុង និងលោកនាយផ្នែក នៃនាយកដ្ឋានចារកម្ម។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច