ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធរវល់ទៅពេទ្យផ្ញើកន្លែងលក់ឲ្យម្តាយមើល ជនសង្ស័យ៥-៦នាក់បន្លំយកលុយជាង១៤ម៉ឺនបាត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ទឹកប្រាក់ច្រើនរបស់ អ្នកលក់សាំង និងបើកវីងវេរលុយត្រូវបានជនមិនស្គាល់មុខមានគ្នាប្រមាណពី៥ទៅ៦នាក់បន្លំយកទៅបាត់ខណៈដែលម្ចាស់ ផ្ទះមិននៅហើយផ្ញើទុកឲ្យម្ដាយមើលការ លក់ដូរម្នាក់ឯង។

តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបានបង្ហាញថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង២និង ២០ នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិ របស់ឈ្មោះ ពេជ្រ វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មានប្រពន្ធឈ្មោះសូ ស្រីទាវ អាយុ ២៥ឆ្នាំ រកស៊ីបើកលក់សាំងផងនិងបើក ទីតាំងវីងវេរលុយផង។

ស្ត្រីឈ្មោះអ៊ូ ធី អាយុ៦១ឆ្នាំ ត្រូវជាម្តាយបាននិយាយថា នៅមុនពេលកើតហេតុគឺ កូនរបស់គាត់ទាំង២នាក់បានចេញទៅ មន្ទីរពេទ្យដើម្បីពិនិត្យជំងឺដោយទុកឲ្យគាត់នៅមើលនិងជួយលក់មួយភ្លែត។

ស្ត្រីជាម្តាយបន្តថា នៅពេលនោះស្រាប់តែមានមនុស្សមួយក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់បានចូលមកចាក់សាំងផង ឯខ្លះទៀតបានធ្វើជាចូលទៅផ្ញើលុយតាមវីង ផងធ្វើឲ្យគាត់មានការភាំងមួយភ្លែតទើបជនសង្ស័យទាំងនេះបន្លំចូលទៅលួចយកកាបូបលុយ ហើយនាំគ្នាចេញបាត់ទៅ។

ស្ត្រីដដែលបញ្ជាក់ថាក្រោយពីទំនេរដៃទើបមានការភ្ញាក់ផ្អើលដឹងថា បាត់កាបូបលុយដែលមានលុយថៃចំនួន១៤ម៉ឺនបាត និងលុយរៀលមួយចំនួនទៀត។ករណីនេះក្រោយកើតហេតុជនរងគ្រោះបានរាយការណ៍ ប្តឹងទៅសមត្ថកិច្ចប៉ុន្តែហួសពេលទៅហើយ ម្យ៉ាងទៀតស្ត្រីវ័យចំណាស់មិនចាំមុខជនសង្ស័យផងនោះ ៕ សហការី
m23-10-16-67


ចែករំលែក៖