ខេត្តមណ្ឌលគីរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌សហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែហ៊ុយចុះស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីចោរកម្មខណៈដែលជនសង្ស័យបានលួចក្របី និងប្រើប្រាស់អាវុធខុសច្បាប់ព្រមទាំងបានបាញ់តបតជាមួយសមត្ថកិច្ច ។
ករណីនេះសមត្ថកិច្ចបានចុះស្រាវជ្រាវកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦រហូត មកដល់ព្រឹកថ្ងៃទី២២ ខែតុលានេះទើបឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណូចអូរ ជិងក្លែ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ ដែលបាញ់តបតជាមួយសមត្ថកិច្ចខាងលើ ឈ្មោះ យែង អ៊ាន ភេទប្រុស អាយុ៣០ ឆ្នាំ ជាជនជាតិព្នងរស់នៅក្នុងភូមិកើតហេតុ ខាងលើ។
បើតាមការលើកឡើងរបស់សមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះស្រាវជ្រាវរហូត កំណត់បានមុខសញ្ញាជនសង្ស័យក៏ឡោមព័ទ្ធតែដោយសារជនសង្ស័យដឹងខ្លួនមុនក៏បានបាញ់តបតជាមួយសមត្ថកិច្ចដើម្បីរំដោះ ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្នុង នោះដកហូតអាវុធសេកាសេ១ដើមដែលមានលេខAM7596 គ្រាប់ចំនួន៥គ្រាប់ សំបកឡត់ចំនួន១និងម៉ូតូម៉ាកសេរុសពណ៌ខ្មៅគ្មានស្លាកលេខចំនួន១គ្រឿង ។ ហើយការផ្ទុះអាវុធនេះមិនបណ្តាលឲ្យសមត្ថកិច្ចរងរបួសនោះឡើយ ។
សមត្ថកិច្ចបានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលអធិការស្រុកកោះញែកចងក្រងសំណុំ រឿងចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ