ភ្នំពេញ ៖ ក្រោយការបាក់ទំនប់សណ្តស្ទឹងព្រែកត្នោតអស់រយៈពេល១សប្តាហ៍ រួចមក រហូតមកទល់នឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បានបង្កផលប៉ះយ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
តាមការឲ្យដឹងពីមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមដែលប្រចាំការក្នុងការជួយ ទប់ទំនប់ខាងលើបានឲ្យដឹងពីស្ថានភាពនៃទឹកសណ្តស្ទឹងព្រែកត្នោតបានបន្តហូរស្រកចុះទៅវិញ។ ចំណែកស្ថានភាពនៃការជន់លិចភូមិរបស់ប្រជាពលរដ្ឋគឺទឹកបានហូរស្រកចុះតែប៉ុន្មានតឹកប៉ុណ្ណោះ ព្រោះ ថាការហូរស្រកចុះទឹកសណ្តស្ទឹងព្រែក ត្នោតនេះដោយសារតែទឹកបានហូរធ្លាក់ មកជន់លិចភូមិប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ។ តែទោះបីជាយ៉ាងណា ក្តីរហូតមកទល់នឹងពេលនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោក៏ដូចជាក្រសួងធន់ធានទឹកនិងឧតុនិយមកំពុងតែបន្តទប់ទំនប់នេះទៀត ។
គួរបញ្ជាក់ថា ទំនប់សណ្តស្ទឹងព្រែកត្នោត ខាងលើបានបាក់កាលពីល្ងាចថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៦កន្លងទៅ បើគិតមកទល់នឹងពេលនេះមានរយៈពេល១សប្តាហ៍មក ហើយ ។
ទន្ទឹមនឹងការបាក់ទំនប់សណ្តរស្ទឹងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៦សង្កាត់ស្មើនឹង២៣០គ្រួសារកំពុងលិចលង់ខ្លាំងជាងគេរួមមានសង្កាត់ស្ពានថ្ម២២គ្រួសារ សង្កាត់រលួស៣០គ្រួសារ សង្កាត់ គងនយ៧៣គ្រួសារ សង្កាត់ទៀន២១ គ្រួសារ សង្កាត់ព្រៃវែង៣៧គ្រួសារ និង សង្កាត់ព្រៃស៤៧គ្រួសារ ។ ដោយឡែក ក្រៅពីនេះក៏នៅមានបងប្អូនប្រជាពលរដ្ឋ កំពុងរងគ្រោះបន្ថែមទៀតអាជ្ញាធរខណ្ឌនិងសង្កាត់កំពុងចុះស្រង់ស្ថិតិបន្តទៀត។
ក្នុងនោះក៏បណ្តាលឲ្យផលដំណាំស្រូវប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួនប្រមាណ ១.៣២៩ហិកតាដែលជាផលស្រូវប្រជា ពលរដ្ឋរស់នៅ៥សង្កាត់រួមមានសង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់គងនយ សង្កាត់ រលួស និងសង្កាត់ព្រែកកំពឹស ។
ចំពោះទំហំនៃការខូចខាតផលដំណាំ និងសត្វពាហនៈមិនទាន់ដឹងនៅឡើយទេ រង់ចាំទឹកស្រក ទើបចុះពិនិត្យជាក់ស្តែង បន្តទៀត ។ ចំណែកកំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូងនៅមិនទាន់បើកឲ្យធ្វើចរាចរណ៍ទាំងស្រុងនោះទេចាប់ពីចំណុចស្ពាន ព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ស្ពានថ្មរហូតដល់ត្រង់ចំណុចរង្វង់មូលដីក្រហម ស្ថិតក្នុង សង្កាត់រលួស ខណ្ឌដង្កោ ប្រវែង២ពាន់ ម៉ែត្រ ព្រោះស្ថានភាពទឹកលិចគ្រាន់តែស្រកបន្តិចប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា ផ្លូវព្រៃស(ផ្លូវលេខ ២១៧)ត្រូវបានដំណើរការជាប្រក្រតីឡើង វិញ។ រីឯកំណាត់ផ្លូវពីស្ពានព្រែកជ្រៃទៅ រង្វង់មូលដីក្រហមទឹកស្រកមិនទាន់អស់នៅឡើយទេប៉ុន្តែអាចធ្វើដំណើរបាន ៕ ហេង នរិន្ទ្រ