ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបន្ទាយមានជ័យ សហការនគរបាលខេត្តព្រះវិហារ បន្តឃាត់ខ្លួនមេក្លោងគ្រឿងញៀនជនជាតិថៃម្នាក់ទៀត មានប្រពន្ធខ្មែរ នៅស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យមេខ្លោងគ្រឿងញៀនជាជនជាតិថៃម្នាក់ យកប្រពន្ធខ្មែរ នៅស្រុកម៉ាឡៃ ជាបក្ខពួក ជនសង្ស័យគ្រឿងញៀន ដែលនគរបាលខេត្តព្រះវិហារបង្រ្កាបបានថ្នាំញៀនជាង១០ម៉ឺនគ្រាប់ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការ នឹងនគរបាលខេត្តព្រះវិហារ បង្រ្កាបចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីជនសង្ស័យគ្រឿងញៀនបង្រ្កាបបាននៅខេត្តព្រះវិហារ ឈ្មោះ គង់ វិច អាយុ៣២ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ថ្នាំញៀនជាង១០ម៉ឺនគ្រាប់ រូបគេគ្រាន់តែស៊ីឈ្នួលដឹកជញ្ជូនពីខេត្តព្រះវិហារ យកឱ្យជនជាតិថៃរូបនោះនៅស្រុកម៉ាឡៃរួចហើយ ។

លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំកម្លាំងចុះទៅបង្រ្កាបប្រាប់ឱ្យដឹងថា ជនសង្ស័យជនជាតិថៃរងការចាប់ឃាត់ខ្លួនមានឈ្មោះ ឆពិ ឆិតឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើត នៅឃុំសាំប៉ាង៉ាម ស្រុកសណាមឆៃ ខេត្តស្រះកែវប្រទេសថៃ បច្ចុប្បន្នរស់នៅជាមួយប្រពន្ធជាជនជាតិខ្មែរ ដែលមានរយៈពេល៨ឆ្នាំមកហើយ ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការនិងកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិថៃជាប់ពាក់ព័ន្ធនិងជួញដូរគ្រឿងញៀន ក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យលោក ដឹកនាំកម្លាំងសហការនិងនគរបាលខេត្តព្រះវិហារ ដែលមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័នពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិថៃនោះតែម្តង ។

លោកវរសេនីយ៍ឯក ស្នងការរងប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះគង់ វិច ឱ្យមត្ថកិច្ចដឹងថា ថ្នាំញៀនជាង១០ម៉ឺនគ្រាប់ ដែលនគរបាលខេត្តព្រះវិហារបង្រ្កាបបានគេស៊ីឈ្នួលដឹកឱ្យជនជាតិថៃខាងលើចំនួន៣លើកនោះហើយ ។ ថ្នាំញៀនទាំងនោះជនជាតិថៃឈ្មោះឆពិ ឆិតឆៃ គេនាំយកទៅចូលក្នុងប្រទេសថៃបន្តទៀត។ ជនសង្ស័យត្រូវបាននគរបាលខេត្តបន្ទាយមានជ័យប្រគល់ឱ្យនគរបាលខេត្តព្រះវិហារដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យគ្រឿងញៀន ម្នាក់ឈ្មោះ គង់ វិច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តព្រះវិហារ នៅក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ ខេត្តព្រះវិហារខណៈដែលជនសង្ស័យបានបើករថយន្តកាមរីគ្រឿង ហើយ កម្លាំងសមត្ថកិច្ចឆែកឆេរតាមដងផ្លូវ រកឃើញថ្នាំញៀនមេតំហ្វេតំហ្វេតាមីន WY ២៤ដុំ ស្មើនិង១៤៤,០០០ (ដប់បួនម៉ឺនបួនពាន់គ្រាប់)នៅ ក្នុងរថយន្តរបស់ជនសង្ស័យ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ វិច នោះហើយ ទើបនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ សហការនិងកម្លាំងនគរបាលខេត្តព្រះវិហារ បន្តឃាត់ខ្លួនបក្ខពួកមេខ្លោងគ្រឿងញៀនធំជាជនជាតិថៃ នៅស្រុកម៉ាឡៃ ម្នាក់បន្ថែមទៀតតែម្តង ៕ សំ វិច្ឆិកា

img_7609 img_7601 img_7603 img_7605 img_7608


ចែករំលែក៖