ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរ FORD RAPTOR ស្រវឹងជោកជាំ បុករថយន្ត ម៉ូតូ និងបង្គោលភ្លើង ស្លាប់យុវជនម្នាក់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ នៅក្រុងកែប

ចែករំលែក៖

ខេត្តកែប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧.១៨ នៅខាងលិចវិថីរុក្ខាពិសិដ្ឋ ផ្លូវចូលទៅវត្តភ្នំព្រួស ប្រហែល ៣០ ម៉ែត្រស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង- ខេត្តកែប បណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់។

ករណីនេះបង្កដោយរថយន្តម៉ាក FORD RANGER RAPTOR ពណ៌ប្រផេះ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ ភ្នំពេញ 2CG-8611 បើកបរដោយឈ្មោះ គឹម សារ៉េន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អ្នកបើកបររូបនេះមិនមានរងរបួសនោះទេ។

ភាគីរងគ្រោះទី១៖ រថយន្តម៉ាក SSANG YONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2L-6714 បើកបរដោយឈ្មោះ នូ សាវី ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅសង្កាត់ក្រាំងអំពិល ក្រុង-ខេត្តកំពតរងរបួសធ្ងន់។

ភាគីរងគ្រោះទី២៖ ម៉ូតូម៉ាក HONDA ZOOMER X ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1W-7628 បើកបរដោយយុវជនឈ្មោះ ម៉ាក សុវណ្ណរាជ អាយុ ១៨ ឆ្នាំ (ជាសិស្ស ស្នាក់នៅភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក FORD RAPTOR បានបើកបរក្នុងល្បឿនលឿនពីទិសខាងលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែអ្នក បើកបរស្ថិតក្នុងស្ថានភាពស្រវឹងធ្ងន់ធ្ងរ ដោយពិនិត្យឃើញមានកម្រិតជាតិអាកុលរហូតដល់ 1.219 mg/L ក៏បានជ្រុលចង្កូតទៅបុករថយន្តម៉ាក SSANG YONG ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា (ពីកើតទៅលិច) ពេញទំហឹង។

មិនទាន់អស់ល្បឿន រថយន្តបង្កបានបន្តទៅបុកម៉ូតូម៉ាក HONDA ZOOMER X ដែលបើកបរក្នុងទិសដៅពីកើតទៅលិចដែរ និងបានជ្រុលទៅបុកបង្គោលភ្លើងគៀបជាប់ ធ្វើឱ្យយុវជនជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ ដោយបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះដែលរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកែប។ ចំណែកសាកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន អ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯវត្ថុតាង រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកែបផងដែរ៕


ចែករំលែក៖