ព័ត៌មានទាន់ហេតុការណ៍៖

ព័ទ្ធចាប់មេតុងទីនឲ្យសមត្ថកិច្ចក្រោយវេចលុយជិត១០ម៉ឺនដុល្លាររត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវគេស្គាល់ ថា ជាប្តីស្ត្រីជាមេតុងទីនដែលបាននាំគ្នាវេចលុយកូនតុងទីននៅផ្សារប៉ាងរលឹម ជិត១០ម៉ឺនដុល្លាររត់គេចខ្លួនអស់រយៈពេលជិត១ខែ ។ លុះយកលុយមកទិញ ត្រាក់ទ័រនៅក្នុង ខេត្តប៉ៃលិន ខណៈកំពុងបើកបរនៅលើផ្លូវជាតិក៏ត្រូវប្រជាពលរដ្ឋឃើញស្គាល់ប្តឹង សមត្ថកិច្ចកងរាជអាវុធហត្ថស្រុករតន មណ្ឌលចាប់ឃាត់ខ្លួនតែម្តង ។ ក្រោយមក ក៏ប្រគល់ឲ្យទៅខាងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍អូរតាវ៉ៅដើម្បីរៀបចំសំណំុរឿងបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការបន្ត ។

ករណីចាប់មេតុងទីននេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោយមកប្រគល់ជូននគរបាលប៉ុស្តិ៍អូរ តាវ៉ៅ ក្រុងប៉ៃលិនសាកសួរ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឈួន ប៉ែត អាយុ៣២ឆ្នាំ បានឲ្យដឹងថា ប្រពន្ធគាត់ ឈ្មោះ ឆន ស្រីពៅ អាយុ៣៦ឆ្នាំមានកូន៣ នាក់ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល បច្ចុប្បន្នជួលផ្ទះគេស្នាក់នៅខាងក្រោយផ្សារប៉ាងរលឹម ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ គាត់(ជន សង្ស័យ)បន្តទៀតថា ករណីនេះរូបគេមិនបានដឹងថាប្រពន្ធជំពាក់លុយគេច្រើនយ៉ាងនេះឡើយ ។

នគរបាលប៉ុស្តិ៍អូរតាវ៉ៅបានឱ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើបាន វេចលុយកូនតុងទីនរត់គេចខ្លួនអស់រយៈពេលជិត១ខែមកហើយ។ លុះនៅម៉ោង ខាងលើខណៈយកលុយមកទិញត្រាក់ទ័រនៅក្នុងខេត្តប៉ៃលិនរួចបើកបរបម្រុងត្រឡប់ទៅផ្ទះវិញនៅឯខេត្តកំពង់ធំស្រាប់តែប្រជាពលរដ្ឋម្នាក់ឃើញស្គាល់ក៏ប្តឹងសមត្ថកិច្ច ឱ្យឃាត់ខ្លួនតែម្តង ។ ក្រោយពេលឃាត់ខ្លួន ប្តីរួចខាងនគរបាលបានទាក់ទងទៅប្រពន្ធ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយតែអត់មានអ្នកលើកទូរស័ព្ទទេ ។

បើតាមសម្តីស្ត្រីម្នាក់ឈ្មោះ ពេជ្រ ផល្លា អាយុ៤០ឆ្នាំ ជាកូនតុងទីនបានឱ្យដឹងថា គាត់បានលេងតុងទីនជាមួយស្ត្រីខាងលើអស់រយៈពេលជាង២ខែមកហើយដោយ ដាក់លុយលេងសរុបចំនួន៣លាន៧០ម៉ឺនរៀល ហើយមិនទាន់បានដេញទេក៏ត្រូវជនសង្ស័យវេចលុយរត់គេចខ្លួនបាត់ ។

ស្ត្រីម្នាក់ទៀតឈ្មោះយាយគុន អាយុ ៥៧ឆ្នាំ បានឱ្យដឹងដែរថា គាត់បានលេងជិត២ឆ្នាំមកហើយដែរដោយអស់លុយចំនួន៧លានរៀលនៅចុងក្រោយនេះមិនទាន់បានដេញនៅឡើយដែរ ។

កូនតុងទីនបន្តទៀតថា អ្នកដែលលេង តុងទីនមានគ្នាជាង៧០នាក់ហើយបើគិតជាទឹកប្រាក់ដែលមេប្រមូលទៅជិត១០ម៉ឺនដុល្លាររួមទាំងប្រាក់ចងការនិងលុយរាប់ ប្រចាំថ្ងៃទៀត។ លើសពីនេះពួកគាត់មិន ចង់ប្តឹងផ្តល់ប្តីស្ត្រីខាងលើដាក់គុកនោះទេ គ្រាន់តែចង់ឲ្យសងលុយពួកគាត់មកវិញ ប៉ុណ្ណោះដើម្បីចង់រឿងរ៉ាវ ។

ទោះបីជាយ៉ាងណាក៏ដោយក្រោយពេល ឃាត់ខ្លួនប្តីស្ត្រីមេតុងទីនរួចកូនតុងទីនជាច្រើនបាននាំគ្នាមកចោមរោមទារលុយពីប្តីស្ត្រីមេតុងទីន ហើយក៏មានអ្នកខ្លះបន្តដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្ត ឱ្យជួយអន្តរាគមន៍និងដោះស្រាយឲ្យពួកគាត់ ៕ សហការី

untitled-1 img_7452 img_74531


ចែករំលែក៖