ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានឈឺពោះ សម្រាលនៅកណ្តាលព្រៃខណៈធ្វើដំណើរ តាមគោយន្តមកកាន់មន្ទីរពេទ្យតែត្រូវបានឆ្មបនៅមណ្ឌលសុខភាពលំផាត់ជួយសម្រាលនិងកាត់ផ្ចិតដោយសុវត្ថិភាព។
ករណីស្ត្រីសម្រាលកូនភ្លោះ២នាក់នៅកណ្តាលព្រៃមុនពេលមកដល់មន្ទីរពេទ្យនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
លោក រិទ្ធ ប៊ុន្នី ប្រធានមណ្ឌល់សុខភាពលំផាត់បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៦ថា ស្ត្រីដែលសម្រាលកូន មុនមកដល់មណ្ឌលសុខភាពនោះបានចេញពីពេទ្យទៅផ្ទះវិញហើយកាលពីព្រឹកថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៦ ដោយសុខភាព មាំទាំទាំងទារកនិងទារិកាភ្លោះនោះផងដែរ។ លោកបានឲ្យដឹងទៀតថា ស្ត្រីដែល សម្រាលកូនភ្លោះហើយត្រូវបានក្រុមគ្រូ ពេទ្យទៅជួយសម្រាលនៅកណ្តាលព្រៃនោះមានឈ្មោះ ដោត អូន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុក លំផាត់ ខេត្តរតនគិរី។
លោកបានបញ្ជាក់ថា ស្ត្រីសម្រាលកូនភ្លោះខាងលើនេះគឺបានសម្រាលកូនជាលើកទី២ ហើយបានកូនភ្លោះប្រុស១ស្រី១ ពួកគេ(កូនភ្លោះ)មានសុខភាពល្អបរិបូណនិងម្តាយទារកទារិកាផងដែរ។
តាមប្រភពពីគ្រូពេទ្យមណ្ឌលសុខភាពលំផាត់ឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ត្រីខាងលើនេះបាន ឈឺពោះសម្រាលកូនតែពេលឈឺពោះគឺ នៅ ខណៈដែលស្ត្រីរូបនេះទៅស៊ីឈ្នួលធ្វើស្រែឲ្យគេនៅចំណុចអូរខាន់លឿន ស្ថិតនៅឆ្ងាយពីមណ្ឌលសុខភាពជាច្រើនគីឡូម៉ែត្រ ទើបនៅពេលធ្វើដំណើរទម្រាំមកដល់ធ្វើឲ្យស្ត្រីខាងលើនេះឈឺពោះឆ្លងទន្លេនៅកណ្តាលព្រៃមុនពេលមកដល់មន្ទីរពេទ្យតែម្តង។ នៅពេលដែលក្រុមគ្រូពេទ្យបានទទួល ដំណឹងនេះហើយក៏បានចុះទៅដល់ចំណុចដែលស្ត្រីខាងលើនេះឈឺពោះហើយក៏បានជួយសម្រាលនិងកាត់ទងផ្ចិតទារកទារិកា រួចទើបបញ្ជូនមកមណ្ឌលសុខភាពព្យា បាលបន្ត។
គួររំលឹកថា នៅខេត្តរតនគិរីមានស្ត្រីពីរនាក់ហើយដែលឈឺពោះឆ្លងទន្លេនៅ កណ្តាលព្រៃ ខណៈដែលផ្ទះពួកគេនៅឆ្ងាយពីមន្ទីរពេទ្យ។ ស្ត្រីដែលឈឺពោះឆ្លងទន្លេទាំងនេះត្រូវបានគេបញ្ជូនតាមគោយន្ត ឬសែងតាមអង្រឹងកាត់ព្រៃមកមណ្ឌល សុខភាពតែដោយសារផ្លូវលំបាក និងឆ្ងាយផងនោះទើបធ្វើឲ្យស្ត្រីឈឺពោះសម្រាល កូនបង្ខំចិត្តសម្រាលកូននៅកណ្តាលព្រៃ។
នេះមិនមែនតែនៅខេត្តរតនគិរីទេនៅតាមបណ្តាខេត្ត-ក្រុងនិងនៅក្នុងរាជធានី ភ្នំពេញក៏មានស្ត្រីសម្រាលកូនមុនមកដល់មន្ទីរពេទ្យនោះដែរ ហើយកើតឡើងជាញឹក ញាប់ថែមទៀតផង។
ចំពោះបញ្ហាស្ត្រីឈឺពោះសម្រាលកូនមុនមកដល់មន្ទីរពេទ្យនេះត្រូវបានគ្រូពេទ្យនិយាយថា នេះជាការធ្វេសប្រហែសរបស់ស្ត្រីឈឺជាម្តាយដែលមិនបានពិនិត្យតាមដានថ្ងៃខែមានគភ៌ទើបធ្វើឲ្យមានការភ្លាត់បែបនេះ។ ដូច្នេះស្ត្រីដែលមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នដើម្បី ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្តាយនិងកូនព្រោះតែការធ្វេសប្រហែសនេះ៕ វុទ្ធ ឦសាន