ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាល៣រូបរងការចោទប្រកាន់ថាវាយជនសង្ស័យស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ១យប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានស្លាប់បន្ទាប់ពីមន្ត្រីនគរបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១យប់ ហើយគ្រួសារជនរងគ្រោះចោទប្រកាន់ថា ដោយសារ នគរបាលព្រួតគ្នាវាយនិងបានសំណូមពរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។

ជនសង្ស័យដែលស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះឈ្មោះ ចំរើន សីហា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំ នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។

ស្ត្រីជាភរិយាបុរសដែលស្លាប់ខាងលើបានប្រាប់ថា កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦កន្លងទៅប្តីរបស់គាត់បានសុំទៅលេងផ្ទះបងនៅឯភូមិទួលសុភី ឃុំព្រែក គយ ស្រុកស្អាង ខេត្តកណ្តាល ហើយបាន បបួលមិត្តភក្ត្រិ៤នាក់ទៀតទៅជាមួយ ដោយជិះម៉ូតូ២គ្រឿង។ បន្ទាប់ពីផឹកស៊ីរួច រហូតដល់ម៉ោង៥ល្ងាចក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅពេលជិះមកដល់ចំណុច ក្លោងទ្វារវត្តធនមន្ត ក្នុងភូមិស្វាយតានី ឃុំ ព្រែកគយ ក៏ស្រាប់តែមានមន្ត្រីនគរបាលស្រុកស្អាងជាច្រើននាក់បានចាប់ឃាត់វាយទាត់ធាក់ ហើយចោទប្រកាន់ថាប្តីរបស់ គាត់ជាក្រុមចោរប្លន់ម៉ូតូរួចក៏នាំខ្លួនទៅ កាន់អធិការដ្ឋាននគរបាលស្រុក ។

ស្ត្រីរូបនោះបានបន្តទៀតថា លុះឃើញស្ថានភាពប្តីរបស់ខ្លួនធ្ងន់ធ្ងរពេកមន្ត្រីទាំងនោះក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យជ័យ ជំនះមួយ១យប់រហូតដល់ម៉ោង៧ព្រឹកប្តី របស់គាត់ក៏បានដាច់ខ្យល់សា្លប់ដោយគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះគ្រាំក្នុងខ្លាំង ហើយពេលនេះគាត់ក៏បានដាក់ពាក្យបណ្តឹងទៅលោកស្នងការនគរបាលខេត្តកណ្តាល ដើម្បីទាមទារឲ្យជួយរកយុត្តិធម៌ ។

លោកវរសេនីយន៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបកស្រាយថា យោងតាមសេចក្តីរាយការណ៍គឺក្រុម ជនរងគ្រោះមានបំណងជិះម៉ូតូកៀរប្លន់ មន្ត្រីនគរបាលឈ្មោះ ឆៃ ស៊ីណា ដែលជិះ ម៉ូតូម្នាក់ឯងដោយបានបុកពីក្រោយបណ្តាល ឲ្យដួល ហើយបានដើរសំដៅចូលទៅរក លោក ឆៃ ស៊ីណា ថែមទៀតទើបលោក ឆៃ ស៊ីណា ដកកាំភ្លើងភ្ជង់ និងបានទូរស័ព្ទហៅ លោក ភក្តី វិទូ និងលោក ឃាង សុខថេង ឲ្យទៅជួយ ។

លោកអធិការបន្តថា ក្នុងហេតុការណ៍ នោះដោយប្រជាពលរដ្ឋស្មានតែជាអំពើ ប្លន់ក៏បានព្រួតគ្នាវាយមួយដៃមួយជើង ហើយក្រោយមកទើបកម្លាំងយើងទៅដល់ ក៏ជួយរំដោះជម្លៀសជនរងគ្រោះនោះចេញ យកមកអធិការដ្ឋានដោយឃើញស្ថានភាពធ្ងន់ធ្ងរពេក ទើបសម្រេចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យតែម្តង។

លោកអធិការបញ្ជាក់ថា ទាំងលោកស្នងការនិងរូបលោកមិនកាន់ជើងកូនចៅទេ ប្រសិនបើរកឃើញថាមន្ត្រីនគរបាលទាំង៣រូបខាងលើបានប្រព្រឹត្តខុសមែននោះ ប្រាកដជានឹងត្រូវចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន ហើយលោកស្នងការក៏បាន បញ្ជារឲ្យនគរបាលកណ្តាលយុត្តិធម៌ចុះទៅស្រាវជ្រាវលើករណីនេះផងដែរ ។

ចំណែកឯប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍នៅនឹងកន្លែងនោះនិយាយថា ពួកគាត់មិនបានវាយទៅលើជនសង្ស័យទេ មានតែអង្វរកុំឲ្យវាយ។

គួរបញ្ជាក់ថា មន្ត្រីនគរបាលដែលរងការ ចោទប្រកាន់ទាំង៣នាក់ខាងលើរួមមានលោក ឆៃ ស៊ីណា នាយផ្នែកនគរបាល ប្រឆាំងគ្រឿងញៀន, លោក ភក្តី វិទូ អធិការ រងផ្នែកអន្តោប្រវេសន៍, និងលោក ឃាង សុខថេង នាយរងផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង ។ ខណៈនេះមិនអាចទាក់ទង សុំការបកស្រាយបានទេព្រោះទូរស័ព្ទរបស់ពួកលោកត្រូវបានបិទនិងមិនមានវត្តមាននៅក្នុងអង្គភាពនោះឡើយ។ ករណីនេះ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល ខេត្តកណ្តាលគួរស្រាវជ្រាវករណីនេះឲ្យ បានច្បាស់លាស់ព្រោះមានមនុស្សស្លាប់ ទោះជាស្លាប់មិននៅកន្លែងកើតហេតុក៏ ដោយ ៕ ហេង នរិន្ទ្រ

66 y7


ចែករំលែក៖