ភ្នំពេញ៖ បុរសម្នាក់បានឲ្យម៉ូតូទៅមិត្តភក្ដិទៀតខ្ចីជិះ ដោយប្រាប់ថា ជិះទៅទិញទឹកសុទ្ធ ហើយ ក៏មានមិត្តភក្ដិ ម្នាក់ទៀត បានសុំជិះដោយសារទៅកន្លែង លក់ទឹកសុទ្ធនោះដែរ លុះពេលទៅដល់អ្មកសុំជិះដោយសារ បានចុះនៅទីនោះ ចំណែកឯអ្នកខ្ចីម៉ូតូគេជិះនោះ ក៏បានជិះម៉ូតូនោះទៅបាត់ស្រមោល មិនបានត្រឡប់យក ម៉ូតូទៅប្រគល់ឲ្យម្ចាស់ដើមវិញឡើយ គឺជាការឆបោកហើយបុរសដែលសុំជិះដោយសារ មិនបានដឹងថា ជន នោះយកម៉ូតូខាងលើទៅណាទេ ។ លុះ៣ថ្ងៃក្រោយមកស្រាប់តែម្ចាស់ម៉ូតូប្រទះឃើញ បុរសដែលសុំគេជិះ ដោយសារកំពុងដើរតាមផ្លូវ ក៏បានស្រែកថាចោរប្លន់ៗ បង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោ ហើយប្រជាពលរដ្ឋ បាននាំគ្មាដេញតាមចាប់បាន និងមិនបានសួរនាំឲ្យដឹងសាច់រឿងសិននោះទេ ក៏បានព្រួតគ្នាវាយទាត់ធាក់ គ្មានត្រាប្រណី បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចទើបន្រគល់ទៅឲ្យប៉ូលិសប៉ុស្ដិ៍ចោមចៅទៅសាកសួរបន្ត ។
ប៉ុន្តែអ្វីដែលជាការហួសចិត្ត និងអាណិតអាសូរ ដល់បុរសដែលត្រូវគេចាប់វាយនោះ គឺក្រោយពេលដែល កម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ ធ្វើការសួរនាំទើបដឹងថា ការចាប់ខ្លួននិងវាយទាត់ធាក់នោះគឺជាការយល់ច្រឡំ ហើយម្ចាស់ម៉ូតូគឺជាអ្នកស្រែកបំប៉ោងសភាពការណ៏ ព្រោះបុរសនោះមិនបានសមគំនិតក្នុងការបោកយកម៉ូតូ របស់ខ្លួននោះឡើយ ។ ប៉ុន្តែនគរបាលមិនបានចាត់ការ ម្ចាស់ម៉ូតូដែលស្រែកបំប៉ោងការពិតនោះទេ គឺឲ្យរួច ខ្លួនដែលតាមមជ្ឈដ្ឋានានា បាននិយាយថាប៉ូលិសគួរតែចាត់ការបុរសនោះវិញ ទើបត្រឹមត្រូវតាមច្បាប់ ព្រោះស្រែកបែបនេះគ្រោះថ្នាក់ដល់មនុស្សស្លូតត្រង់ នេះសំណាងហើយដែលបុរសនោះមិនស្លាប់។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នៅ ចំណុចផ្លូវលំភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលរងគ្រោះដោយការចាប់វាយទាត់ធាក់នោះ ឈ្មោះ សៀង ម៉ៅ អាយុ២៦ឆ្នាំស្នាក់នៅមិនពិតប្រកដ
ស្រុកកំណើត នៅខេត្តកោះកុង។ចំណែកម្ចាស់ម៉ូតូឈ្មោះ ផល ភួង អាយុ២៤ឆ្នាំស្នាក់នៅផ្ទះជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកព្រះស្តេច ខេត្តព្រៃវែង៕ សុខាសែនជ័យ