ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន មួយកន្លែង សង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់)

ចែករំលែក៖

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទា បានចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន មួយកន្លែង សង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រី ១នាក់។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ថន ថាវុទ្ធា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យការងាររដ្ឋបាលចំហរ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ដោយឃើញមានសម្ភារៈដែលសង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន Monitor  ធុង CPU កុំព្យូទ័រយូដៃ ទូរស័ព្ទដៃ iPad  ដុំWifi និងសម្ភារ:មួយចំនួនទៀត ។ ក្នុងរង្វង់ប្រតិបត្តិការនេះដែរ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រី ១នាក់ ជាជនជាតិវៀតណាម ។

ប្រភពបន្តថា ដោយបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានបិទ (Seal) ទីតាំងខាងលើ ជាបណ្តោះអាសន្ន  ចំណែក ឯជនសង្ស័យ រួមនឹងសម្ភារៈ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីស្រាវជ្រាវ និងបន្តនីតិវិធី ច្បាប់ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖