ខេត្តកណ្ដាល៖ បុរសម្នាក់ដែលសង្ស័យថាបានធ្វើ សកម្មភាពលួចម៉ូតូ ត្រូវបានក្រុមប្រជាពលរដ្ឋនាំគ្នាដេញតាម និងឃាត់ខ្លួនបានភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅចំណុចខាងក្រោយវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
តាមប្រភពបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយមានការសង្ស័យថាជនរូបនេះបានព្យាយាមធ្វើសកម្មភាពលួចម៉ូតូ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាដេញតាម រហូតឈានដល់ការឃាត់ខ្លួនបាន និងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងប្រមូលផ្តុំប្រជាពលរដ្ឋជាច្រើននៅជុំវិញទីតាំងកើតហេតុ ខណៈដែលសមត្ថកិច្ចកំពុងបន្តសាកសួរ និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យពាក់ព័ន្ធនឹងករណីខាងលើ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ មេត្តាចាត់វិធានការច្បាប់ និងបន្តស្រាវជ្រាវឱ្យបានហ្មត់ចត់ ដើម្បីបង្ក្រាបរាល់សកម្មភាពលួចឆក់ និងបទល្មើសផ្សេងៗ ដែលអាចបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានសម្តែងការកោតសរសើរចំពោះស្មារតីចូលរួមការពារសន្តិសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែក៏បានស្នើឱ្យសមត្ថកិច្ចបង្កើនការល្បាត និងពង្រឹងវិធានការការពារសុវត្ថិភាពសាធារណៈបន្ថែមទៀត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា បុគ្គលដែលត្រូវបានឃាត់ខ្លួន គឺជាជនសង្ស័យប៉ុណ្ណោះ ហើយការកំណត់ពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព គឺស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ ស្របតាមនីតិវិធីច្បាប់ជាធរមាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច