ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ឡើងទៅវគ្គ 32 ក្រុមចុងក្រោយ ខណៈហូឡង់លត់ស៊ុយអែត 5-1 នៅ World Cup 2026

ចែករំលែក៖

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានកក់កៅអីទៅកាន់វគ្គ 32 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026 ហើយ បន្ទាប់ពីវាយបកយកឈ្នះ កូតឌីវ័រ 2-1 យ៉ាងរំភើបនៅនាទីបន្ថែម ខណៈ ហូឡង់ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបំបាក់ ស៊ុយអែត 5-1 ដើម្បីឈានជើងកាន់តែជិតវគ្គបន្ទាប់។

នៅក្នុងការប្រកួតពូល E ដែលធ្វើឡើងនៅទីក្រុងតូរ៉ុនតូ កីឡាករបម្រុង Deniz Undav បានក្លាយជាវីរបុរសរបស់អាល្លឺម៉ង់ ដោយរកបាន 2 គ្រាប់។ គ្រាប់ទីមួយកើតឡើងនៅនាទីទី 68 ដើម្បីតាមស្មើ ខណៈគ្រាប់ជ័យជម្នះកើតឡើងនៅនាទីទី 90+4 ធានា 3 ពិន្ទុពេញសម្រាប់ក្រុមរបស់លោក Julian Nagelsmann។

មុននោះ Franck Kessie បានជួយឱ្យកូតឌីវ័រនាំមុខមុននៅនាទីទី 30 ប៉ុន្តែក្រុមអាហ្វ្រិកមួយនេះមិនអាចរក្សាអត្ថប្រយោជន៍បានឡើយ។

ជ័យជម្នះនេះធ្វើឱ្យអាល្លឺម៉ង់អាចឡើងទៅវគ្គចាញ់-ធ្លាក់ជាលើកដំបូងចាប់តាំងពី World Cup ឆ្នាំ 2014 បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូលក្នុងឆ្នាំ 2018 និង 2022។

ខ្សែការពារ Jonathan Tah បាននិយាយក្រោយការប្រកួតថា៖ «យើងបានបង្ហាញពីស្មារតីប្រយុទ្ធ និងភាពជាក្រុម ដែលជាកត្តាសំខាន់សម្រាប់ភាពជោគជ័យក្នុងការប្រកួតធំៗ។ យើងមិនដែលបោះបង់ឡើយ ហើយ Deniz Undav សមនឹងទទួលបានការសរសើរជាពិសេស»។

អាល្លឺម៉ង់ក៏អាចបញ្ចប់ជាក្រុមលេខ 1 ក្នុងពូល E ផងដែរ ប្រសិនបើអេក្វាឌ័រ មិនអាចយកឈ្នះ គូរ៉ាសៅបាននៅការប្រកួតបន្ទាប់។

ហូឡង់បំបាក់ស៊ុយអែតយ៉ាងចាស់ដៃ

នៅទីក្រុងហ៊ូស្តុន ក្រុមជម្រើសជាតិ  ហូឡង់ បានបង្ហាញភាពខ្លាំងយ៉ាងច្បាស់ ដោយយកឈ្នះ ស៊ុយអែត ក្នុងលទ្ធផល 5-1។

ស៊ុយអែត ដែលទើបឈ្នះទុយនេស៊ី 5-1 ក្នុងការប្រកួតដំបូង បានចូលជួបហូឡង់ដោយដឹងថា ជ័យជម្នះនឹងធានាកៅអីវគ្គបន្ទាប់ភ្លាមៗ។ ប៉ុន្តែក្រុមរបស់លោក Graham Potter ត្រូវបានហូឡង់គ្រប់គ្រងការប្រកួតទាំងស្រុង។

ខ្សែប្រយុទ្ធ Brian Brobbey រកបាន 2 គ្រាប់ក្នុងរយៈពេល 17 នាទីដំបូង ធ្វើឱ្យហូឡង់នាំមុខ 2-0។

បន្ទាប់មក Cody Gakpo បន្ថែម 2 គ្រាប់ទៀតនៅដើមតង់ទីពីរ ធ្វើឱ្យលទ្ធផលកើនដល់ 4-0 មុនពេល Anthony Elanga រកបានគ្រាប់កិត្តិយសមួយសម្រាប់ស៊ុយអែត។

នៅនាទីទី 89 Crysencio Summerville បិទបញ្ចប់ជ័យជម្នះដ៏ធំធេងនេះដោយគ្រាប់ទី 5។

លទ្ធផលនេះធ្វើឱ្យហូឡង់មាន 4 ពិន្ទុពី 2 ប្រកួត និងមានគ្រាប់ចំណេញ +4 ដែលជាជំហានដ៏រឹងមាំឆ្ពោះទៅកាន់វគ្គ 32 ក្រុមចុងក្រោយ។

គ្រូបង្វឹកហូឡង់ Ronald Koeman បាននិយាយថា៖ «របៀបដែលយើងរកគ្រាប់បាល់បានថ្ងៃនេះ អាចធ្វើឱ្យគូប្រកួតភ័យខ្លាច។ ជាមួយនឹងល្បឿន និងគុណភាពរបស់កីឡាករ យើងអាចក្លាយជាក្រុមគ្រោះថ្នាក់បំផុតមួយក្នុងការប្រកួតនេះ»។

គួរបញ្ជាក់ថា នេះជាលើកដំបូងចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 1958 ដែលស៊ុយអែតរបូតគ្រាប់បាល់ដល់ទៅ 5 គ្រាប់ក្នុងមួយប្រកួត World Cup បន្ទាប់ពីធ្លាប់ចាញ់ប្រេស៊ីល 5-2 កាលនោះ៕


ចែករំលែក៖