ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឆក់យក ជីវិតស្ត្រីម្នាក់ និងបណ្តាលឱ្យបុរសស្ត្រី ២នាក់ទៀតរងរបួសស្រាលបន្ទាប់ពីម៉ូតូ HONDA SCOOPY ១ គ្រឿង ជិះគ្នា ៣នាក់ ត្រូវរថយន្ត HYUNDAI SANTAFE បុកពីក្រោយពេញទំហឹង រួចកិនលើជនរងគ្រោះបន្ថែមទៀត ខណៈអ្នកបើកបររថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បាន និងប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវក្រោយផ្សារទំនើបអ៊ីអនមានជ័យ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានពីកន្លែងកើតហេតុ ម៉ូតូ HONDA SCOOPY ពាក់ស្លាកលេខ ភ្នំពេញ 1LT-7711 ជិះដោយបងប្អូនបង្កើត ៣នាក់ កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវរថយន្ត HYUNDAI SANTAFE ពាក់ស្លាកលេខ ភ្នំពេញ 2V-0672 បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យដួលខ្ទាតលើផ្លូវ និងធ្វើឱ្យស្ត្រីម្នាក់ដែលអង្គុយខាងក្រោយស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងពីសាធារណជន ដែលបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរអនុវត្តច្បាប់រឹតបន្តឹង និងដាក់ ទោសទណ្ឌឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកបើកបរធ្វេស ប្រហែស អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកដែលបង្កគ្រោះថ្នាក់ហើយព្យាយាមរត់គេចពីការទទួល ខុសត្រូវ។
ប្រជាពលរដ្ឋលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សកើតមានជាបន្តបន្ទាប់ ដោយសារកត្តាធ្វេសប្រហែស ការមិនគោរពច្បាប់ចរាចរណ៍ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ដូច្នេះ ការពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងការដាក់ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់ គឺជាវិធានការចាំបាច់ដើម្បីទប់ស្កាត់សោកនាដកម្មស្រដៀងគ្នានេះកុំឱ្យបន្តកើតមានតទៅទៀត។
សុវត្ថិភាពចរាចរណ៍ មិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច